ព័ត៌មានអន្តរជាតិ
ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្ស ៥៦នាក់នៅប្រទេសឥណ្ឌា និង ១៤នាក់នៅប្រទេសនេប៉ាល់
ភ្លៀងធ្លាក់ខ្លាំង និងព្យុះបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ដែលបណ្តាលឱ្យមនុស្ស ៥៦ នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌា ខណៈដែលនៅប្រទេសនេប៉ាល់ មនុស្ស ១៤ នាក់បានស្លាប់ និង ១១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយអាជ្ញាធរនៅទីនោះបានព្រមានកាលពីថ្ងៃអាទិត្យថា អាចនឹងមានទឹកជំនន់ភ្លាមៗកើតឡើងបន្ថែមទៀត។ នេះបើយោងការផ្សាយចេញរបស់រ៉យទ័រនៅថ្ងៃទី២៨ ខែកញ្ញានេះ។
បើតាមលោក Hrishikesh Bhaskar Yashod ស្នងការទទួលបន្ទុកការងារសង្គ្រោះបន្ទាន់ប្រចាំរដ្ឋ បានឱ្យដឹងថា រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានប្រកាសពីកម្រិតទឹកភ្លៀងចំនួន ៦៦,៥ មីលីម៉ែត្រ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ព្រឹកថ្ងៃទី ២៧ ខែកញ្ញា បើធៀបនឹងកម្រិតទឹកភ្លៀងធម្មតាដែលមានត្រឹមតែ ៧,៦ មីលីម៉ែត្រប៉ុណ្ណោះសម្រាប់រយៈពេលដូចគ្នានេះ។
ជាមួយគ្នានេះ អាជ្ញាធរកំពុងអនុវត្តប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់ដែលលិចលង់ដោយទឹក និងផ្តល់ជំនួយសង្គ្រោះ ខណៈដែលមន្ត្រីត្រូវបានណែនាំឱ្យវាយតម្លៃការខូចខាតដំណាំ និងផ្តល់សំណងដល់ជនរងគ្រោះ។
ក្រៅពីករណីស្លាប់ចំនួន ៥៦នាក់ មានមនុស្ស ៤៦នាក់បានរងរបួស និងផ្ទះជាង ១,០០០ខ្នងបានរងការខូចខាត។
អាជ្ញាធរនេប៉ាល់បានព្រមានអំពីលទ្ធភាពនៃការកើតមានទឹកជំនន់ភ្លាមៗនៅក្នុងស្រុកចំនួន ៤៩ ក្នុងចំណោមស្រុកសរុបចំនួន ៧៧ ដោយស្រុកជាងពាក់កណ្តាលកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃទឹកជំនន់ភ្លាមៗ ខណៈដែលកម្រិតទឹកនៅក្នុងទន្លេធំៗ និងដៃទន្លេនានាបន្តកើនឡើង។
បើតាមលោកស្រី Shanti Mahat អ្នកនាំពាក្យរបស់អាជ្ញាធរជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានបញ្ជាក់ថា តំបន់ Rasuwa និង Nuwakot ដែលជាតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ដ៏សាហាវកាលពីខែមុន (ដែលបានសម្លាប់មនុស្សជាង ១,៤៥០នាក់ និងបន្សល់ទុកមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន) គួរតែរក្សាការ «ប្រុងប្រយ័ត្ន» ប៉ុន្តែបច្ចុប្បន្នមិនត្រូវបានចាត់ទុកថាជាតំបន់ដែលមានហានិភ័យខ្ពស់នោះទេ៕