ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់នឹងមិនធ្វើការសម្បទានណាមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរឡើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានលើកឡើងកាលពីថ្ងៃសុក្រ ទី២៥កញ្ញានេះថា ប្រទេសអ៊ីរ៉ង់នឹងមិនបង្ហាញភាពបត់បែនណាមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ទោះបីជាសហរដ្ឋអាមេរិកយល់ព្រមលើសំណើរបស់ខ្លួនក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ។ សំណើនោះរួមបញ្ចូលទាំងវិធានការនានា ដូចជាការដកការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ជាដើម។
មន្ត្រីរូបនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា ផ្លូវទឹកនេះនឹងនៅតែបន្តបិទរហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាម «លក្ខខណ្ឌទាំងអស់របស់អ៊ីរ៉ង់»។
យោងតាមសំណើរបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានស្នើបើកច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឡើងវិញ។ បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេល ៧ ថ្ងៃ ការប្រយុទ្ធគ្នានឹងត្រូវបញ្ចប់នៅគ្រប់សមរភូមិ រួមទាំងនៅប្រទេសលីបង់ផងដែរ ហើយសហរដ្ឋអាមេរិកនឹងត្រូវដកការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ដោះលែងមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក និងលុបចោលការដាក់ទណ្ឌកម្មលើវិស័យប្រេង។
សំណើនេះធ្វើឡើងបន្ទាប់ពីភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងយ៉ាងខ្លាំង ក្រោយរយៈពេល ៧ ខែនៃជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ខណៈដែលក្រុមឧទ្ទាម Houthi នៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់បង្ហោះមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត។
យ៉ាងណាម៉ិញ ច្រកសមុទ្រនេះបានក្លាយជាចំណុចសំខាន់នៃការចរចាដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយអ៊ីរ៉ង់ចង់ឱ្យមានការបន្ធូរបន្ថយការបិទខ្ទប់ពីសំណាក់សហរដ្ឋអាមេរិកដែលកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យមានការធ្វើដំណើរដោយសេរីសម្រាប់នាវាដឹកប្រេងនៅលើផ្លូវដឹកជញ្ជូនប្រេងពិភពលោក ដែលបច្ចុប្បន្នត្រូវបានបិទខ្ទប់ដោយទីក្រុងតេអេរ៉ង់។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចប់អរិភាពអាចនឹងសម្រេចបាន មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែវិច្ឆិកា។
ទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួននឹងត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមក្នុងការចរចាលម្អិតអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន លុះត្រាតែសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌរបស់ខ្លួនជាមុនសិន។
ប៉ុន្តែមន្ត្រីរូបនោះបានបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនធ្វើការសម្បទានណាមួយលើសិទ្ធិរបស់ខ្លួនឡើយ រួមទាំងសិទ្ធិក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ឬការដឹកជញ្ជូនអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់កម្រិតខ្ពស់ចេញពីប្រទេស ដែលជាការទាមទារដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។
គូសបញ្ជាក់ថា អ៊ីស្រាអែល សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថាបានព្យាយាមស្វែងរកអាវុធនុយក្លេអ៊ែរ ដោយលើកឡើងពីសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិត ៦០% ដែលខ្ពស់ជាងតម្រូវការសម្រាប់ការប្រើប្រាស់ស៊ីវិលយ៉ាងខ្លាំង និងខិតជិតដល់កម្រិត ៩០% ដែលត្រូវការសម្រាប់ផលិតអាវុធ។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ។
បើតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប៉ាន់ប្រមាណថា អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ដល់កម្រិត ៦០% ចំនួន ៤៤០,៩ គីឡូក្រាម នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងខែមិថុនា ឆ្នាំ ២០២៥។ វាមិនច្បាស់លាស់ទេថាតើបរិមាណប៉ុន្មានដែលនៅសេសសល់៕