ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ស្នើកិច្ចព្រមព្រៀងដល់លោក ត្រាំ មុនការបោះឆ្នោតនៅអាមេរិក
អ៊ីរ៉ង់បានផ្តល់ជូនសហរដ្ឋអាមេរិកនូវកិច្ចព្រមព្រៀងថ្មីមួយដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលជាច្រើនខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដោយបានជំទាស់ដោយផ្ទាល់ចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាទីក្រុងតេអេរ៉ង់កំពុងរង់ចាំដោយចេតនារហូតដល់ក្រោយការបោះឆ្នោតដើម្បីឈានដល់កិច្ចព្រមព្រៀង។
លោក ត្រាំ បានអះអាងនៅក្នុងសុន្ទរកថាមួយនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់កំពុងរារាំងការចរចាដោយចេតនាដើម្បីមើលពីរបៀបដែលពួកសាធារណរដ្ឋអនុវត្តនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ហើយបានព្យាករណ៍ថាទីក្រុងតេអេរ៉ង់នឹងធ្វើកិច្ចព្រមព្រៀងមួយ «ភ្លាមៗបន្ទាប់ពី» ការបោះឆ្នោត។ លោកក៏បានគំរាមកំហែង «បំផ្លាញ» សាធារណរដ្ឋអ៊ីស្លាមប្រសិនបើការចរចាបរាជ័យ។
ដោយឡែកលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ថា «យើងមិនចង់ឱ្យវាទៅដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ»។ លោកបានបន្តថា «យើងចង់ឱ្យជនជាតិអាមេរិកត្រឡប់ទៅរកអនុស្សរណៈនៃការយោគយល់គ្នាវិញមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ» ដោយសំដៅទៅលើអនុស្សរណៈនៃការយោគយល់គ្នាដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីខែមិថុនា។
លោក Pezeshkian បានអះអាងថា «យើងពិតជាបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតីរបស់អ្នក… ប៉ុន្តែបញ្ហាគឺថា សហរដ្ឋអាមេរិកមិនបានជ្រើសរើសយកការសន្ទនានោះទេ ផ្ទុយទៅវិញបែរជាជ្រើសរើសផ្លូវនៃការប្រឈមមុខដាក់គ្នាដោយការទម្លាក់គ្រាប់បែកមកលើពួកយើងមុន និងការបិទខ្ទប់គ្រប់ច្រកល្ហកទាំងអស់។ យើងនឹងឈរយ៉ាងរឹងមាំដើម្បីការពារខ្លួន។ យើងមិនដែលចង់បានសង្គ្រាមឡើយ… សហរដ្ឋអាមេរិកទេដែលត្រូវសម្រេចចិត្តថា តើខ្លួនចង់បញ្ចប់រឿងនេះឬអត់»។
បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា ទីក្រុងតេអេរ៉ង់បានដាក់សំណើមួយដែលអនុញ្ញាតឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេលប្រហែលមួយសប្តាហ៍ និងអនុញ្ញាតឱ្យមានការបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើងវិញយ៉ាងឆាប់រហ័ស។ សំណើនេះត្រូវបានបញ្ជូនតាមរយៈអ្នកសម្របសម្រួលក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងញូវយ៉កកាលពីសប្តាហ៍នេះ។
យោងតាមផែនការនេះ ទីក្រុងតេអេរ៉ង់នឹងបើកផ្លូវឱ្យមានការធ្វើនាវាចរណ៍ឡើងវិញនៅលើផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ជាថ្នូរនឹងការដែលទីក្រុងវ៉ាស៊ីនតោនដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច បន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ និងដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់មួយចំនួនដែលត្រូវបានបង្កក។ លើសពីនេះ អ៊ីរ៉ង់ក៏ចង់ឱ្យមានការបញ្ចប់អរិភាពនៅតាមតំបន់ជម្លោះផ្សេងទៀតផងដែរ រួមទាំងប្រតិបត្តិការប្រយុទ្ធរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពការទូតមកពីអ៊ីរ៉ង់ តំបន់ និងលោកខាងលិចថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងមួយដែលអនុវត្តជាដំណាក់កាល ដោយក្នុងនោះបញ្ហានៃការបិទខ្ទប់ និងការរឹតបន្តឹងនៅច្រកសមុទ្រហ័រមូស (Hormuz) នឹងត្រូវដោះស្រាយមុនគេ។
យ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់មិនបានបោះបង់ចោលការទាមទាររបស់ខ្លួនក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) នោះទេ ដោយមន្ត្រីអ៊ីរ៉ង់នៅតែបន្តទទូចថា ច្រកផ្លូវទឹកនេះគួរតែត្រូវបានគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ហើយគួរតែមានការគិតថ្លៃសេវាសម្រាប់នាវាដែលធ្វើដំណើរឆ្លងកាត់៕