ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងបដិសេធការអំពាវនាវឱ្យបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ
ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤កញ្ញានេះ បានបដិសេធសេចក្តីថ្លែងការណ៍អន្តរជាតិមួយដែលជំរុញឱ្យខ្លួនបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ដោយអ្នកនាំពាក្យម្នាក់បានហៅសកម្មភាពនេះថាជា «ការញុះញង់ផ្នែកនយោបាយដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋរបស់យើង» ដែលធ្វើឡើងដោយ «កងកម្លាំងអរិភាព»។
កិច្ចប្រជុំរដ្ឋមន្ត្រីមកពីក្រុម «សម្ព័ន្ធមិត្តនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរជាសកល» (Friends of the Comprehensive Nuclear-Test-Ban Treaty) រួមមានប្រទេសអូស្ត្រាលី កាណាដា ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងហូឡង់ បានលើកឡើងថា រាល់ការសាកល្បងនុយក្លេអ៊ែរថ្មីណាមួយដោយកូរ៉េខាងជើង នឹងជាសកម្មភាពដែលខ្វះការទទួលខុសត្រូវ និងមិនអាចទទួលយកបានឡើយ។
កិច្ចប្រជុំដែលបានធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ បានជំរុញឱ្យទីក្រុងព្យុងយ៉ាងគោរពយ៉ាងពេញលេញនូវរាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានហៅប្រទេសរបស់ខ្លួនថាជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរប្រកបដោយការទទួលខុសត្រូវ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយថា ស្ថានភាពអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាអ្វីដែលមិនអាចត្រឡប់ក្រោយវិញបានទេ។
លោកស្រី Choe បានឆ្លើយតបទៅនឹងកិច្ចប្រជុំដាច់ដោយឡែកមួយនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលក្នុងនោះពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង។
សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរជាសកល (Comprehensive Nuclear-Test-Ban Treaty) ដែលត្រូវបានយល់ព្រមនៅឆ្នាំ ១៩៩៦ ហាមឃាត់ «រាល់ការផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ ឬការផ្ទុះនុយក្លេអ៊ែរផ្សេងទៀត» នៅគ្រប់ទីកន្លែងក្នុងពិភពលោក ដោយមានគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅទីបំផុត៕