ព័ត៌មានអន្តរជាតិ

មន្រ្តីក្រសួងប្រៃសណីយ៍ចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦

Published

on

95 Views

ទីក្រុងរីយ៉ាដ៖ លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត (The 4th UNESCO Global Forum on the Ethics of Artificial Intelligence – GFEAI) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការសកលដើម្បីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកបញ្ញាសិប្បនិម្មិត និងអ្នកតំណាងមកពីប្រទេសជាង ៥២ ព្រមទាំងតំណាងអង្គការអន្តរជាតិ គ្រឹះស្ថានស្រាវជ្រាវ និងវិស័យឯកជនសរុបជាង ១២០០នាក់។


វេទិកាសកលដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ ១៧ កញ្ញា មន្រ្តីជាន់ខ្ពស់ក្រសួង លោក សេង សុភាព បានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារថ្នាក់រដ្ឋមន្ត្រី និងបានចែករំលែកអំពីវឌ្ឍនភាពនៅកម្ពុជា រួមមាន ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌសីលធម៌ ព្រមទាំងទិសដៅសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន និងការផ្ដោតលើមនុស្ស។
ជាមួយគ្នានេះ លោក សេង សុភាព ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី «ហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» ដោយបានចែករំលែកអំពីការកសាងសមត្ថភាពជាតិផ្នែកបញ្ញាសិប្បនិម្មិត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍទិន្នន័យនិងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត។


ជាមួយនេះក្នុងនាមកមុពុជា លោកក៏បានចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិកដូចជា លោក Abou Amani អគ្គនាយករងទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តនៃអង្គការយូណេស្កូ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍ អភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងការគាំទ្ររបស់អង្គការយូណេស្កូនិងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *

four + 2 =

ពេញនិយម

Exit mobile version