ព័ត៌មានអន្តរជាតិ
ឯណាយុត្តិធម៌សម្រាប់អ៊ីស្រាអែល! ព្រឹត្តិការណ៍វាយប្រហារលើស្ថានទូតអ៊ីស្រាអែលក្នុងឆ្នាំ១៩៩២ និងការវាយប្រហារលើមជ្ឈមណ្ឌល AMIA របស់អ៊ីស្រាអែលក្នុងឆ្នាំ១៩៩៤ នៅប្រទេសអាហ្សង់ទីន
ប្រព័ន្ធយុត្តិធម៌អាហ្សង់ទីន នៅថ្ងៃទី២១កញ្ញានេះ បានចោទប្រកាន់ជាផ្លូវការនូវជនជាតិអ៊ីរ៉ង់ចំនួន ៧នាក់ និងជនជាតិលីបង់ម្នាក់ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នាំ ១៩៩៤ នៅមជ្ឈមណ្ឌលជ្វីហ្វ AMIA ក្នុងទីក្រុង Buenos Aires ដែលនេះគឺជាជំហានមួយទៀតឆ្ពោះទៅរកលទ្ធភាពនៃការកាត់ក្តីដោយជនជាប់ចោទមិនមានវត្តមាននៅតុលាការ (trial in absentia)។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៤ គ្រាប់បែកបង្កប់ក្នុងរថយន្តមួយបានបំផ្លាញអគារ AMIA ដោយបណ្តាលឱ្យមនុស្ស ៨៥ នាក់ស្លាប់ និង ៣០០ នាក់រងរបួស។
ក្រោយមកនៅឆ្នាំ ២០២៥ តុលាការបានអនុញ្ញាតឱ្យមានការកាត់ក្តីអ្នកដែលទទួលខុសត្រូវទាំងនោះ ទោះបីជាពួកគេមិនមានវត្តមាននៅតុលាការក៏ដោយ។
បើតាមលោក Daniel Rafecas ចៅក្រមដែលដឹកនាំសំណុំរឿងនេះ បានឱ្យដឹងថា «ការសម្រេចចិត្តធ្វើការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ ១៩៩៣ ដោយថ្នាក់ដឹកនាំកំពូលៗនៃរបបអ៊ីរ៉ង់ ហើយត្រូវបានប្រគល់ភារកិច្ចទៅឱ្យក្រុម Hezbollah»។
ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់នោះ រួមមានបុគ្គល ៧ នាក់ដែលកាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់នៅពេលមានការវាយប្រហារ និងសមាជិកម្នាក់នៃចលនា Shiite របស់លីបង់ គឺក្រុម Hezbollah។
ក្នុងចំណោមនោះមានលោក Ahmad Vahidi ដែលជាមេដឹកនាំម្នាក់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងជាមេបញ្ជាការកងកម្លាំង Quds នៅពេលនោះ។
បុគ្គលផ្សេងទៀតដែលត្រូវបានចោទប្រកាន់រួមមាន អតីតរដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ លោក Ali Fallahijan, អតីតរដ្ឋមន្ត្រីការបរទេស លោក Ali Velayati និងអតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសអាហ្សង់ទីន លោក Hadi Soleimanpour។ ជាមួយគ្នានេះ ចៅក្រមបានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទពីរនាក់ផ្សេងទៀត ដោយសារកង្វះភស្តុតាង។
អំឡុងពេលនោះ ចៅក្រមក៏បានចេញបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិដែលមានតម្លៃ ៥០០លានដុល្លាររបស់ពួកគេម្នាក់ៗផងដែរ។ ការសម្រេចចិត្តនេះធ្វើឱ្យសំណុំរឿងនេះឈានទៅជិតដំណាក់កាលនៃការកាត់ក្តីដោយផ្ទាល់នៅតុលាការ។
ទោះជាយ៉ាងណាក៏ដោយ ភាគីការពារក្តីនៅតែអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់ទាំងនេះបាន ហើយនៅមាននីតិវិធីជាច្រើនទៀតដែលត្រូវអនុវត្តឱ្យបានរួចរាល់ មុនពេលសំណុំរឿងអាចឈានទៅដល់ដំណាក់កាលកាត់ក្តី។
ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះនៅលើបណ្តាញសង្គមដោយសរសេរថា «សីលធម៌ជាគោលនយោបាយរដ្ឋ!»។
ប្រធានាធិបតីរូបនេះគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលចាត់ទុកអ៊ីរ៉ង់ថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ លើសពីនេះ លោក Milei បានចាត់ទុកអ៊ីរ៉ង់ជាសត្រូវរបស់អាហ្សង់ទីន ហើយច្បាប់ដែលអនុញ្ញាតឱ្យមានការកាត់ក្តីដោយជនជាប់ចោទមិនមានវត្តមាននៅតុលាការ (trials in absentia) ត្រូវបានអនុម័តក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោក។
បើយោងតាមចៅក្រមលោក Rafecas បានបញ្ជាក់ថា ច្បាប់នេះ «អនុញ្ញាតឱ្យដំណើរការនីតិវិធីព្រហ្មទណ្ឌបន្តទៅមុខ ទោះបីជាជនជាប់ចោទកំពុងរត់គេចខ្លួនក៏ដោយ ស្របពេលដែលធានានូវសិទ្ធិរបស់ពួកគេក្នុងការទទួលបានមេធាវី និងរក្សាការធានាផ្សេងទៀតទាំងអស់នៃនីតិវិធីច្បាប់ត្រឹមត្រូវ»។ បន្ថែមពីនោះលោក បានចាត់ទុកការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាអំពើប្រល័យពូជសាសន៍មួយ ស្របតាមច្បាប់អន្តរជាតិ»។
គូសបញ្ជាក់ថា ពីរឆ្នាំមុននោះ ការវាយប្រហារមួយផ្សេងទៀតទៅលើស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុង Buenos Aires បានបណ្តាលឱ្យមនុស្ស ២២ នាក់ស្លាប់។ នៅក្នុងសេចក្តីសម្រេចរបស់លោក លោក Rafecas បានកត់សម្គាល់ពីលទ្ធភាពដែលមានទំនាក់ទំនងរវាងការវាយប្រហារទាំងពីរនេះ៕