ព័ត៌មានអន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង សរសើរពី «អាវុធប្រភេទថ្មី» ក្រោយការបាញ់សាកល្បងមីស៊ីលប៉ុន្មានថ្ងៃ
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យការសាកល្បងប្រព័ន្ធ «អាវុធប្រភេទថ្មី» មួយ ដោយចាត់ទុកវាជាភស្តុតាងនៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យាយោធារបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី២២ ខែកញ្ញានេះ។
សេចក្តីប្រកាសនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលប្រទេសទាំងនោះបានថ្កោលទោសថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
កូរ៉េខាងជើងបានចែងនៅក្នុងច្បាប់របស់ខ្លួនរួចហើយអំពីឋានៈជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដោយថ្នាក់ដឹកនាំរបស់ខ្លួនបានប្រកាសម្តងហើយម្តងទៀតថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសគឺជាកម្មសិទ្ធិអចិន្ត្រៃយ៍ និងមិនអាចត្រឡប់ក្រោយវិញបានឡើយ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍ថា ផ្នែកទទួលបន្ទុកមីស៊ីលរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បាន «សាកល្បងដោយជោគជ័យនូវអាវុធប្រភេទថ្មីមួយ» កាលពីថ្ងៃអាទិត្យ ដោយមានវត្តមានរបស់មេដឹកនាំ គីម ជុងអ៊ុន។
ទីក្រុងព្យុងយ៉ាងមិនបានបញ្ជាក់លម្អិតថាប្រព័ន្ធអាវុធនោះមានលក្ខណៈបែបណានោះទេ ប៉ុន្តែបានលើកឡើងថា លោក គីម បានកោតសរសើរចំពោះការបាញ់សាកល្បងនេះថាជា «ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយនៃបច្ចេកវិទ្យាការពារជាតិដ៏ទំនើបបំផុត»។
ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើងបានព្រមានថា ភាពជឿនលឿនទាំងនេះនឹងធ្វើឱ្យគូប្រជែងជួបប្រទះនូវ «បញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបាន និងការវាយប្រហារដ៏ឃោរឃៅដែលមិនអាចជៀសរួច»។
ការបាញ់សាកល្បងកាលពីថ្ងៃអាទិត្យបានធ្វើឡើង ៨ ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត (ដែលគេស្គាល់ផងដែរថាជាសមុទ្រជប៉ុន) ដែលជាផ្នែកមួយធ្វើឡើងបន្ទាប់ពីសមយុទ្ធបាញ់អាវុធរួមគ្នា។ សមយុទ្ធនោះពាក់ព័ន្ធនឹងកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយអាវុធទាំងនោះ «បានបាញ់ចំគោលដៅដោយភាពត្រឹមត្រូវ ១០០ ភាគរយ»។
នៅក្នុងរបាយការណ៍របស់ KCNA បានឱ្យដឹងថា លោក គីម បានភ្ជាប់ការសាកល្បងកាលពីថ្ងៃអាទិត្យទៅនឹងការត្រៀមខ្លួនផ្នែកយោធារបស់ប្រទេស ដោយលើកឡើងថា «ការទទួលបានបច្ចេកវិទ្យាបែបនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការត្រៀមខ្លួនរបស់រដ្ឋសម្រាប់សង្គ្រាម និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធនាពេលអនាគត»។
ផ្ទុយទៅវិញ ទីក្រុងសេអ៊ូលបានថ្កោលទោសការបាញ់សាកល្បងទាំងនោះថាជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពទាក់ទងនឹងមីស៊ីលផ្លោងរបស់ខ្លួន។
បន្ថែមពីនោះ ប្រទេសជប៉ុនបានដាក់ការតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់សាកល្បងទាំងនោះ ដោយចាត់ទុកថាវាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
កាលពីសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងបានបដិសេធសេចក្តីសម្រេចចិត្តមួយដែលត្រូវបានអនុម័តដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលទាមទារឱ្យខ្លួនបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ ដោយអះអាងថាស្ថានភាពជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់ខ្លួនត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងមិនអាចផ្លាស់ប្តូរបានតាមរយៈច្បាប់របស់ខ្លួន។
ថ្មីៗនេះ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានអះអាងថា ស្ថានភាពជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺ «ដាច់ខាត» ហើយអ្នកដែលសង្ឃឹមថានឹងមានការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជា «មនុស្សល្ងង់ខ្លៅ»៕