ព័ត៌មានអន្តរជាតិ
ព្យុះទីហ្វុង Dujuan គ្រប់ដណ្តប់ប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងផ្ទះសម្បែងជិត ៥ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់
ព្យុះទីហ្វុង Dujuan បានវាយប្រហារគ្របដណ្តប់លើប្រទេសជប៉ុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៥ នាក់រងរបួសនៅក្នុងប្រទេសជប៉ុន ខណៈដែលផ្ទះសម្បែងរាប់ពាន់ខ្នងនៅជិតទីក្រុងតូក្យូនៅតែគ្មានអគ្គិសនីប្រើប្រាស់។
អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២២កញ្ញានេះថា នៅពេលព្រឹក ព្យុះទីហ្វុងបានផ្លាស់ទីចេញពីឆ្នេរសមុទ្រជប៉ុនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យអាជ្ញាធរលុបចោល ឬបន្ថយកម្រិតនៃការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។
ព្យុះ Dujuan ក៏បានបង្ខំឱ្យមានការបិទទ្វារមុនកាលកំណត់នូវពិព័រណ៍ពាណិជ្ជកម្មហ្គេមវីដេអូដ៏ធំបំផុតមួយរបស់ពិភពលោក ដែលប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីផងដែរ។
ប្រទេសជប៉ុនតែងតែជួបប្រទះព្យុះទីហ្វុងខ្លាំងក្លានៅចុងរដូវក្តៅ និងដើមរដូវស្លឹកឈើជ្រុះ ហើយព្យុះផ្សេងទៀតនៅក្នុងរដូវកាលនេះក៏បានរំខានដល់ព្រឹត្តិការណ៍មួយចំនួននៃកីឡាអាស៊ី (Asian Games) ដែលកំពុងប្រារព្ធឡើងនៅក្នុងប្រទេសនេះផងដែរ។
នៅព្រឹកថ្ងៃអង្គារនេះ គ្រួសារជាង ៤៦,០០០ នៅក្នុងតំបន់ Chiba (ឈីបា) ក្បែរទីក្រុងតូក្យូ នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។
ទោះបីជាព្យុះ Dujuan (ឌូជូអាន) បានថយចុះកម្លាំងនៅពេលវាធ្វើដំណើរទៅទិសឦសានក៏ដោយ ក៏វាបានបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងតំបន់មួយចំនួននៃទីក្រុងតូក្យូ។
កោះ Oshima (អូស៊ីម៉ា) ដែលស្ថិតនៅចម្ងាយប្រហែល ១២០ គីឡូម៉ែត្រភាគខាងត្បូងនៃកណ្តាលទីក្រុងតូក្យូ បានកត់ត្រាការធ្លាក់ភ្លៀងក្នុងកម្រិត ៨៣២ មីលីម៉ែត្រក្នុងរយៈពេល ៤៨ ម៉ោង ដែលជាបរិមាណលើសពីពីរដងនៃកម្រិតទឹកភ្លៀងជាមធ្យមសម្រាប់ខែកញ្ញាទាំងមូល។
អ្នកវិទ្យាសាស្ត្រលើកឡើងថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពមនុស្ស កំពុងបង្កើនហានិភ័យពីភ្លៀងធ្លាក់ខ្លាំង ដោយសារតែបរិយាកាសដែលមានសីតុណ្ហភាពក្តៅជាងមុនអាចផ្ទុកបរិមាណទឹកបានច្រើនជាងមុន៕