ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូងជំរុញឱ្យមានការផ្អាកកម្មវិធីនុយក្លេអ៊ែរ និងបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

Published

on

62 Views

មេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនគួរតែស្វែងរកការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាជាងការទាមទារឱ្យលុបបំបាត់វាភ្លាមៗ ហើយគួរតែផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មជាការតបស្នងវិញ។

ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតី Lee Jae Myung បានផ្លាស់ប្តូរជំហរពីអ្នកកាន់គោលនយោបាយតឹងរ៉ឹង (hawkish) ដោយបានស្នើឱ្យមានការចរចាជាមួយទីក្រុងព្យុងយ៉ាង (ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ) ដោយគ្មានលក្ខខណ្ឌទុកជាមុន។

រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅមិនទាន់ឆ្លើយតបចំពោះសំណើណាមួយរបស់លោកនៅឡើយទេ។

ទោះបីជាមានទណ្ឌកម្មពីអង្គការសហប្រជាជាតិជាយូរមកហើយក៏ដោយ កូរ៉េខាងជើងបានចែងនៅក្នុងច្បាប់របស់ខ្លួនអំពីឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរ ហើយថ្នាក់ដឹកនាំរបស់ខ្លួនបានប្រកាសម្តងហើយម្តងទៀតថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជារឿងអចិន្ត្រៃយ៍ និងមិនអាចត្រឡប់ក្រោយវិញបានឡើយ។

ទន្ទឹមនឹងនេះ ទីក្រុងព្យុងយ៉ាងទទួលបានការគាំទ្រយ៉ាងសំខាន់ពីប្រទេសរុស្ស៊ី បន្ថែមលើសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួនគឺប្រទេសចិន ដែលធ្វើឱ្យប្រទេសនេះមិនសូវមានផលចំណេញប៉ុន្មានទេពីការចាប់ផ្តើមការទូតឡើងវិញជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

យ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងត្បូងបានលើកឡើងថា «ការកំណត់គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ (denuclearisation) នៅក្នុងកាលៈទេសៈបច្ចុប្បន្ន គឺធានាបានថាគ្មានលទ្ធផលអ្វីនឹងសម្រេចបានឡើយ»។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះធ្លាប់បានលើកឡើងពីមុនមកថា ការរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងឱ្យនៅកម្រិតបច្ចុប្បន្ន ដោយផ្អាកការផលិតថ្មី និងទប់ស្កាត់ការនាំចូលសម្ភារៈនុយក្លេអ៊ែរ នឹងចាត់ទុកថាជា «ផលចំណេញ» មួយរួចទៅហើយ។

ទន្ទឹមគ្នានេះ អ្នករិះគន់លើកឡើងថា វិធីសាស្ត្របែបនេះបង្កហានិភ័យនៃការទទួលស្គាល់ដោយប្រយោលថា កូរ៉េខាងជើងជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ខណៈពេលដែលអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាងទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម ដោយមិនចាំបាច់លះបង់ឃ្លាំងអាវុធរបស់ខ្លួនឡើយ។

គូសបញ្ជាក់ថា លោក ត្រាំ បានជួបជាមួយលោក គីម ចំនួនបីដងក្នុងអំឡុងអាណត្តិដំបូងរបស់លោក ប៉ុន្តែដំណើរការការទូតរវាងអ្នកទាំងពីរបានជាប់គាំង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយក្នុងឆ្នាំ ២០១៩ មិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការបន្ធូរបន្ថយទណ្ឌកម្ម និងអ្វីដែលទីក្រុងព្យុងយ៉ាងត្រូវផ្តល់ជូនជាថ្នូរនឹងការលះបង់កម្មវិធីនុយក្លេអ៊ែរឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

five + four =

ពេញនិយម

Exit mobile version