ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់គំរាមប្រើប្រាស់អាវុធថ្មីៗវាយប្រហារគ្រប់គោលដៅ ប្រសិនបើអាមេរិកបើកការវាយប្រហារ
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាននៅថ្ងៃទី២១កញ្ញានេះថា ពួកគេនឹងវាយប្រហារលើគោលដៅថ្មីៗ និងដាក់ពង្រាយអាវុធថ្មីៗ ប្រសិនបើអាមេរិកបើកការវាយប្រហារបន្ថែមទៀតមកលើប្រទេសនេះ។
ជិត ៧ ខែមកហើយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែជាប់គាំងក្នុងស្ថានភាពមិនអាចរកដំណោះស្រាយបាន ខណៈដែលភាគីទាំងពីរហាក់ដូចជាមិនមានឆន្ទៈក្នុងការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំនោះទេ។
បើតាមអ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាផ្នែកមួយនៃយោធាអ៊ីរ៉ង់ដែលមានតួនាទីលើផ្នែកមនោគមវិជ្ជា បាននិយាយថា «នឹងមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រការពារ និងការវាយបករបស់យើង» ប្រសិនបើមានការវាយប្រហារថ្មីពីសំណាក់អាមេរិក។
លោកបន្តថា «យើងនឹងដាក់ឱ្យប្រើប្រាស់អាវុធថ្មីៗដែលមានសមត្ថភាពថ្មីៗនៅលើសមរភូមិ ហើយពិភពលោកនឹងមានការភ្ញាក់ផ្អើល។ ហើយគោលដៅវាយប្រហាររបស់យើងក៏មិនចាំបាច់ដូចពេលមុនដែរ។ យើងមានគោលដៅថ្មីៗដែលមិនទាន់ត្រូវបានវាយប្រហារនៅឡើយ»។
កងឆ្មាំនេះក៏បានបញ្ជាក់ផងដែរថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ «សង្គ្រាមអូសបន្លាយពេលយូរ»។
យោងតាមទូរទស្សន៍រដ្ឋ បញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអ៊ីរ៉ង់បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការសកម្មភាពថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
យ៉ាងណាម៉ិញ ភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការផ្ទុះឡើងវិញនៃជម្លោះនៅចុងខែមុន ទោះបីជាទីក្រុងតេអេរ៉ង់នៅតែបន្តធ្វើការវាយប្រហារជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ក៏ដោយ។
រយៈពលេកន្លងមកនេះ ភាគីទាំងពីរនៅតែបន្តរក្សាការបិទផ្លូវទឹកនេះដាក់គ្នាទៅវិញទៅមកក្នុងគោលបំណងដាក់សម្ពាធលើគ្នា។
គូសបញ្ជាក់ថា ជម្លោះនេះបានរាលដាលទៅដល់ប្រទេសយេម៉ែន ដោយក្រុមហ៊ូធី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមយកទឹកដីបន្ថែមទៀតពីកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ហើយក្រុមនេះក៏បានបើកការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងរដ្ឋធានីរីយ៉ាដផងដែរ៕