ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ២ គ្រាប់ ផ្អើលដល់អាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង

Published

on

73 Views

កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញានេះ ដែលជាការសាកល្បងលើកទីពីរក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ហើយវាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រហែលបីម៉ោងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត (East Sea) នៅរសៀលថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ទៀតដែលមានលក្ខណៈស្រដៀងគ្នានេះ។

ប្រសិនបើការបាញ់លើកទីពីរនេះត្រូវបានបញ្ជាក់ថាជាមីស៊ីលផ្លោងមែននោះ វាគឺជាការសាកល្បងមីស៊ីលផ្លោងពីរគ្រាប់ជាប់ៗគ្នាដោយកូរ៉េខាងជើង ក្នុងរយៈពេលត្រឹមតែបីម៉ោងប៉ុណ្ណោះ។

ដោយឡែក គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានអះអាងថាបានរកឃើញការសាកល្បងបាញ់លើកដំបូងចេញពីតំបន់ Wonsan នៅម៉ោងប្រហែល ៣ រសៀល ដោយកំណត់អត្តសញ្ញាណអាវុធនោះថាជាមីស៊ីលផ្លោង។ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយដែរថា វាហាក់ដូចជាមីស៊ីលផ្លោង។

ទន្ទឹមគ្នានេះ ស្ថានីយ៍ទូរទស្សន៍សាធារណៈជប៉ុន NHK បានរាយការណ៍ថា មីស៊ីលនោះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលគ្រាប់ដំបូងបានហោះក្នុងចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ (២៨០ ម៉ាយ) ហើយត្រូវបានគេសន្មត់ថាជាប្រភេទ Hwasong-11។ ចំណែកមីស៊ីលរយៈចម្ងាយខ្លីគ្រាប់ទីពីរ ដែលត្រូវបានបាញ់ចេញពីតំបន់ Wonsan នៅម៉ោងប្រហែល ៥:៥០ ល្ងាចនោះ បានហោះក្នុងចម្ងាយជាង ៦០០ គីឡូម៉ែត្រ (៣៧៣ ម៉ាយ)។

បើតាមគណៈអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានឱ្យដឹងថា «អាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានតាមដាន និងចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍ពាក់ព័ន្ធចាប់តាំងពីដំណាក់កាលដំបូងនៃការបាញ់នេះមក ហើយក៏បានចែករំលែកព័ត៌មានទាក់ទងនឹង «មីស៊ីលផ្លោងរបស់កូរ៉េខាងជើង» ជាមួយប្រទេសជប៉ុនផងដែរ»។

ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានថ្កោលទោសការបាញ់មីស៊ីលនេះ ដែលធ្វើឡើងបន្ទាប់ពីការសាកល្បងមួយកាលពីថ្ងៃទី១២ ខែកញ្ញា។ ក្រុមប្រឹក្សានេះបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពទាក់ទងនឹងមីស៊ីលជាបន្ទាន់ ដោយព្រមានថាការសាកល្បងនេះបានរំលោភដោយផ្ទាល់លើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កាលពីសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងក៏បានថ្កោលទោសចំពោះសមយុទ្ធកងទ័ពជើងទឹកដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមពីកូរ៉េខាងត្បូង និងជប៉ុន ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ១០ ខែកញ្ញា នៅជិតកោះហ្គាំ (Guam)។

បន្ទាប់មក អ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ Kim Jong Un បានបន្ទោសសមយុទ្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកថា ជាមូលហេតុធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េ «កាន់តែធ្ងន់ធ្ងរឡើងៗ» ហើយបានប្តេជ្ញាថានឹងមិនផ្លាស់ប្តូរគោលជំហររបស់ប្រទេសក្នុងការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

16 + four =

ពេញនិយម

Exit mobile version