ព័ត៌មានអន្តរជាតិ
បាត់បង់ជីវិតមនុស្ស ១៦នាក់ ក្រោយវាយប្រហារអត្តឃាតមួយ នៅវិហារឥស្លាមមួយកន្លែងភាគពាយព្យប្រទេសប៉ាគីស្ថាន
(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ និង ៥៧ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ដែលត្រៀមខ្លួនធ្វើអត្តឃាត បានបើករថយន្តផ្ទុកគ្រឿងផ្ទុះទៅបុកស្ថានីយប៉ូលិសមួយកន្លែងនៅភាគពាយព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ ថ្ងៃទី១៨ ខែកញ្ញា ខណៈដែលមន្ត្រីប៉ូលិស និងក្រុមគ្រួសាររបស់ពួកគេកំពុងធ្វើពិធីសូត្រធម៌នៅក្នុងវិហារឥស្លាមមួយនៅខាងក្នុងនោះ។
យោងតាមលោក Zulfikar Hameed ប្រធានប៉ូលិសប្រចាំខេត្តបានឱ្យដឹងថា មន្ត្រីប៉ូលិសចំនួន ៥ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ បន្ទាប់ពីយានយន្តនោះបានបុកទម្លុះជញ្ជាំងខាងក្រៅ ហើយក្រុមខ្មាន់កាំភ្លើងដែលអមដំណើរយានយន្តនោះបានបើកការបាញ់ប្រហារនៅក្នុងទីក្រុង Kohat។
មិនទាន់មានការប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនៅក្នុងខេត្តជាប់ព្រំដែន Khyber Pakhtunkhwa នេះទេ ដែលជាតំបន់មួយកំពុងជួបប្រទះការកើនឡើងនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធឥស្លាមនិយម ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលសហព័ន្ធ។
តាមវីដេអូដែលចែករំលែកដោយក្រុមអ្នកជួយសង្គ្រោះបានបង្ហាញពីជញ្ជាំងព្រំដែនដែលត្រូវបានបំផ្លាញដោយការផ្ទុះ និងមនុស្សម្នាកំពុងព្យាយាមទាញអ្នករងរបួសចេញពីគំនរបាក់បែក ខណៈដែលរថយន្តសង្គ្រោះបន្ទាន់បានមកដល់។
ក្នុងទិដ្ឋភាពដរន្ធត់នោះ មនុស្សជាច្រើនបានដេកនៅលើផ្លូវ ខណៈដែលអ្នកផ្សេងទៀតដែលមានសម្លៀកបំពាក់ប្រឡាក់ឈាមបានព្យាយាមជួយពួកគេ។
យោងតាមប៉ូលិសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងទាំង ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះ និងការបាញ់ប្រហារដែលបានកើតឡើងបន្ទាប់ពីនោះ។
គូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតគោលដៅជាចម្បងទៅលើកងទ័ព និងប៉ូលិស។
ចំពោះបញ្ហានេះ ក្រុម Tehreek-e-Taliban Pakistan ឬក្រុមតាលីបង់ប៉ាគីស្ថាន ដែលជាក្រុមសកម្មប្រយុទ្ធដ៏សំខាន់នៅក្នុងតំបន់ និងជាសម្ព័ន្ធនៃអង្គការសកម្មប្រយុទ្ធនិកាយស៊ុននី (Sunni) ជាច្រើន បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសុក្រនោះទេ។
បើទោះបីជាចេញមុខបដិសេធដូចនេះក៏ដោយ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ក្រុមសកម្មប្រយុទ្ធប្រើប្រាស់ទីតាំងសុវត្ថិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីហ្វឹកហាត់ និងរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ភ្លាមៗនោះរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានបានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសប៉ាគីស្ថាន៕