ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង និងលោកខាងលិច ប៉ះសំដីគ្នាកាន់តែខ្លាំងលើអាវុធនុយក្លេអ៊ែរ
កូរ៉េខាងជើងបានច្រានចោលសេចក្តីសម្រេចចិត្តរបស់ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានទាមទារជាថ្មីឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ ដោយអះអាងថាវា «គ្មានប្រសិទ្ធភាព» ឡើយ ដោយសារទីក្រុងព្យុងយ៉ាងមិនមែនជាសមាជិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៩ ខែកញ្ញានេះថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានចោទប្រកាន់ «កងកម្លាំងអរិភាព» ថាបានព្យាយាមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ក្នុងអំឡុងពេលសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «គួរឱ្យអាណិតណាស់ ដែលសេចក្តីសម្រេចចិត្ត ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចនោះ មិនមានឥទ្ធិពលអ្វីទៅលើជំហររបស់ DPRK ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរឡើយ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «DPRK មិនមែនជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និង IAEA តាំងពីយូរមកហើយ ដូច្នេះវាជារឿងខុសច្បាប់ និងជាទង្វើដ៏អសីលធម៌បំផុតក្នុងការលើកឡើងអំពីជំហររបស់រដ្ឋយើង និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពការពារជាតិ»។
លើសពីនោះ «ជំហររបស់ DPRK ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ មិនត្រូវការការទទួលស្គាល់ពីសហរដ្ឋអាមេរិក បណ្តាប្រទេសលោកខាងលិច ឬ IAEA នោះទេ។ វាត្រូវបានធានាដោយសមត្ថភាពរារាំងនុយក្លេអ៊ែរជាក់ស្តែង ហើយត្រូវបានកំណត់យ៉ាងរឹងមាំជាអចិន្ត្រៃយ៍ និងមិនអាចផ្លាស់ប្តូរបាន ដោយច្បាប់កំពូលរបស់រដ្ឋ»។
កូរ៉េខាងជើងបានចែងជាផ្លូវការនៅក្នុងច្បាប់របស់ខ្លួននូវឋានៈជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដោយថ្នាក់ដឹកនាំរបស់ប្រទេសបានប្រកាសថាឃ្លាំងអាវុធបរមាណូរបស់ប្រទេសនេះមានលក្ខណៈអចិន្ត្រៃយ៍ និងមិនអាចផ្លាស់ប្តូរបាន។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យក្រសួងបានគូសបញ្ជាក់ថា DPRK បានត្រៀមខ្លួនរួចរាល់ដើម្បី «អនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការរយៈពេលវែងរបស់ខ្លួនក្នុងលក្ខណៈវាយលុកកាន់តែខ្លាំង ដើម្បីកសាងសមត្ថភាពរារាំងការពារខ្លួនដ៏គួរឱ្យទុកចិត្ត ក្នុងការដោះស្រាយស្ថានការណ៍សន្តិសុខអន្តរជាតិដែលកាន់តែអាក្រក់ទៅៗ»។
កាលពីថ្ងៃព្រហស្បតិ៍ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ក៏បានថ្លែងថា ស្ថានភាពនៃការព្យួរអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះគឺ «ដាច់ខាត» ហើយបានហៅអ្នកដែលសង្ឃឹមចង់ឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរថាជា «មនុស្សល្ងីល្ងើ»៕