កម្សាន្ត

សិល្បៈវេទមន្ត ការរាំបែបBreakdance និងតន្ត្រី តាមរបៀបថ្មីដោយភាពច្នៃប្រឌិត និងប្លែកពីគេ បង្ហាញវត្តមាននៅភ្នំពេញ

Published

on

107 Views

ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសកម្មវិធីសម្តែងសិល្បៈវប្បធម៌ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍សិល្បៈ ខណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស្ថានទូតកូរ៉េបាននាំយកទស្សនីយភាពផ្សេងៗនៃវប្បធម៌កូរ៉េ មកបង្ហាញជូនដល់ទស្សនិកជនកម្ពុជាតាមរយៈកម្មវិធីវប្បធម៌នានា ដូចជាការសម្តែងតេក្វាន់ដូ និងការសម្តែងតន្ត្រីប្រពៃណីកូរ៉េជាដើម។

សម្រាប់ព្រឹត្តិការណ៍ដែលប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ទស្សនីយភាពវប្បធម៌ក្នុងទម្រង់បែបថ្មីមួយផ្សេងទៀត បាននាំយកមកសម្តែងជូនដល់ទស្សនិកជនដើម្បីទស្សនាកម្សាន្តរួមមាន សិល្បៈវេទមន្ត ការរាំបែប Breakdance រួមទាំងតន្ត្រី តាមរបៀបថ្មីប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេ។


ឯកឧត្តម គីម ឆាងយ៉ុង មានប្រសាសន៍នៅក្នុងការថ្លែងសន្ទរកថាថា សិល្បៈនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ក៏ប៉ុន្តែនៅពេលដែលទម្រង់សិល្បៈទាំងនេះ ត្រូវបានបញ្ចូលគ្នាជាធ្លុងមួយនោះនឹងបង្កើតបានជាបទពិសោធន៍រួមមួយដ៏ថ្មីស្រឡាង ដែល សិល្បៈ នីមួយៗមិនអាចបង្កើតបទពិសោធន៍នេះបានដោយឯកឯងនោះឡើយ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ មានជំនឿយ៉ាងមុតមាំថា នេះគឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ អំពីតម្លៃនៃការផ្លាស់ប្តូរវប្បធម៌។ នៅពេលដែលវប្បធម៌ និងទស្សនៈផ្សេងៗគ្នាត្រូវបានប្រមូលផ្តុំរួមបញ្ចូលគ្នា នោះនឹងបង្កើតបាននូវ សមិទ្ធផលថ្មីប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត ដែលវប្បធម៌ ឬទស្សនៈតែមួយមិនអាចបង្កើត សមិទ្ធផលនេះឡើងមកបានដោយឯកឯងឡើយ។

ឯកឧត្តម គីម ឆាងយ៉ុង បន្តថា នៅឆ្នាំក្រោយនេះ ទំនាក់ទំនងការទូតរវាងកូរ៉េ និងកម្ពុជា នឹងឈានចូលដល់ទំព័រប្រវត្តិសាស្ត្រដ៏មាន អត្ថន័យមួយទៀត គឺការអបអរសាទរខួបលើកទី ៣០ នៃការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ «ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការសម្តែងសិល្បៈវប្បធម៌នាថ្ងៃនេះនឹងក្លាយជាកាលានុវត្តភាព ដ៏ថ្លៃថ្លាមួយបន្ថែមទៀត ក្នុងការអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំរវាងប្រទេសយើងទាំងពីរព្រមទាំងរួមចំណែកបង្កើតនូវអនុស្សាវរីយ៍ និងផ្សារភ្ជាប់ទំនាក់ទំនងថ្មីៗបន្ថែមទៀត តាមរយៈវិស័យវប្បធម៌»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

Leave a Reply

Your email address will not be published. Required fields are marked *

1 + 5 =

ពេញនិយម

Exit mobile version