ព័ត៌មានអន្តរជាតិ
តុលាការឥណ្ឌាសម្រេចកាត់ទោសប្រហារជីវិតឧទ្ទាមម៉ៅនិយម ១០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារថ្នាក់ដឹកនាំបក្សកាលពីឆ្នាំ២០១៣
តុលាការពិសេសមួយរបស់ប្រទេសឥណ្ឌាបានកាត់ទោសប្រហារជីវិតឧទ្ទាមម៉ៅនិយម (Maoist) ចំនួន ១០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយស្ទាក់ផ្លូវលើក្បួនរថយន្តមួយកាលពីឆ្នាំ ២០១៣ ដែលបានបណ្តាលឱ្យមនុស្ស ២៧ នាក់ស្លាប់ រួមទាំងសមាជិកនៃគណបក្ស Congress ផងដែរ។
ទីភ្នាក់ងារស៊ើបអង្កេតជាតិរបស់ឥណ្ឌា (NIA) បានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមឧទ្ទាមម៉ៅនិយមទាំងនោះត្រូវបានរកឃើញថាមានទោសលើបទល្មើសជាច្រើន រួមទាំងការសមគំនិត និងការធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋ មុនពេលត្រូវបានកាត់ទោសប្រហារជីវិត។
ចលនាឧទ្ទាមម៉ៅនិយមដែលមានរយៈពេលជិត ៦ ទសវត្សរ៍មកហើយនេះ ដែលបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៦០ និងបានសម្លាប់មនុស្សជាង ១២,០០០ នាក់ ធ្លាប់ត្រូវបានអតីតនាយករដ្ឋមន្ត្រីម្នាក់ចាត់ទុកថាជាការគំរាមកំហែងសន្តិសុខផ្ទៃក្នុងដ៏ធំបំផុតដែលប្រទេសឥណ្ឌាបានជួបប្រទះ។
ប៉ុន្តែចលនាឧទ្ទាមនេះត្រូវបានបង្ក្រាបដោយជោគជ័យ បន្ទាប់ពីមានប្រតិបត្តិការយោធាជាបន្តបន្ទាប់នៅទូទាំងតំបន់ “Red Corridor” (ច្រករបៀងក្រហម) ដែលជាតំបន់ដែលក្រុមឧទ្ទាមបានរារាំងអំណាចរដ្ឋាភិបាល និងបង្កើតរដ្ឋបាលស្របគ្នារបស់ខ្លួន។
ការវាយប្រហារដោយប្រើមីន និងអាវុធកាលពីខែឧសភា ឆ្នាំ២០១៣ បានកើតឡើងនៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយនៃរដ្ឋ Chhattisgarh ភាគកណ្តាលប្រទេស ដែលបានសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស Congress នៅក្នុងរដ្ឋនោះស្ទើរតែទាំងស្រុង។
យោងតាមទីភ្នាក់ងារ NIA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែក បាញ់រះដោយមិនរើសមុខ និងគប់គ្រាប់បែកដៃទៅលើក្បួនរថយន្តនោះ។
ទីភ្នាក់ងារនេះបានឱ្យដឹងថា សមាជិកក្រុមម៉ៅនិយមទាំង ១០ នាក់នោះបានចូលរួមក្នុង «ការសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋដើម្បីវាយប្រហារ និងសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស Congress និងបុគ្គលិកសន្តិសុខ»។
គូសបញ្ជាក់ថា ប្រទេសឥណ្ឌាអនុវត្តទោសប្រហារជីវិតតាមរយៈការចងក ទោះបីជាការអនុវត្តជាក់ស្តែងកម្រនឹងកើតឡើងក៏ដោយ។
ការប្រហារជីវិតចុងក្រោយនៅក្នុងប្រទេសឥណ្ឌាបានធ្វើឡើងនៅខែមីនា ឆ្នាំ២០២០ នៅពេលដែលបុរស ៤ នាក់ដែលត្រូវបានកាត់ទោសពីបទចាប់រំលោភជាក្រុម និងសម្លាប់ស្ត្រីម្នាក់នៅលើរថយន្តក្រុងក្នុងទីក្រុង Delhi កាលពីឆ្នាំ ២០១២ ត្រូវបានគេប្រហារជីវិតដោយការចងក នៅក្នុងករណីមួយដែលបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាទូទាំងប្រទេស៕