ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សអាយុ ១០០ឆ្នាំឡើង នៅជប៉ុនកើនលើស ១០ម៉ឺននាក់ជាលើកដំបូង
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូង។
យោងតាមធនាគារពិភពលោក ជប៉ុនមានប្រជាជនដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដោយមានអាយុមធ្យម (median age) គឺ ៤៩,៩ ឆ្នាំ។
ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយមុនថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ «ទិវាគោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំ ឬលើសពីនេះ មានចំនួន ១០៧,៦៧៧ នាក់ គិតត្រឹមថ្ងៃទី១ ខែកញ្ញា។
ក្រសួងបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅបានកើនឡើងលើសពី ១០០,០០០ នាក់ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៦៣ មក ដោយក្នុងនោះប្រហែល ៩០ ភាគរយគឺជាស្ត្រី។ វាគឺជាការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានអស់រយៈពេល ៥៦ ឆ្នាំជាប់ៗគ្នា។
យ៉ាងណាម៉ិញ ទិន្នន័យកាលពីខែមិថុនាបានបង្ហាញថា អត្រានៃការមានកូនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះម្តងទៀតកាលពីឆ្នាំមុនដល់កម្រិតទាបបំផុតថ្មីមួយ ដែលបញ្ជាក់ឱ្យឃើញពីវិបត្តិប្រជាសាស្ត្រកំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ របស់ពិភពលោកមួយនេះ។
បញ្ហាបន្ទាន់ដែលកំពុងវិវត្តជាបណ្តើរៗនេះ បាននិងកំពុងបង្កឱ្យមានការខ្វះខាតកម្លាំងពលកម្ម ការកើនឡើងយ៉ាងគំហុកនៃចំណាយលើសន្តិសុខសង្គម និងការថយចុះនៃមូលដ្ឋានប្រមូលពន្ធ៕