ព័ត៌មានអន្តរជាតិ
មេដឹកនាំចិន ជំរុញការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ BRICS ដើម្បីបង្កើនតួនាទីនៅលើឆាកអន្តរជាតិ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសកាលពីថ្ងៃអាទិត្យថ្ងៃទី១៣ ខែកញ្ញា នូវគំនិតផ្តួចផ្តើមនានា ចាប់ពីវិស័យបញ្ញាសិប្បនិម្មិត (AI) រហូតដល់វិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅក្នុងក្រុម “Greater BRICS” ខណៈដែលទីក្រុងប៉េកាំងព្យាយាមប្រែក្លាយក្រុមនេះទៅជាវេទិកាជាក់ស្តែងសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ “Global South” (បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូង)។
កិច្ចសហប្រតិបត្តិការលើវិស័យនានា ចាប់ពីនយោបាយ និងសន្តិសុខ រហូតដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាចំណុចសំខាន់ៗរបស់ក្រុមនេះ ដោយប្រទេសឥណ្ឌា (ដែលធ្វើជាប្រធាននៅឆ្នាំ ២០២៦) និងប្រទេសចិន (ដែលនឹងធ្វើជាប្រធាននៅឆ្នាំ ២០២៧) កំពុងស្វែងរកភាពជាដៃគូកាន់តែច្រើនដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។
លោក ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំនៅទីក្រុងញូដេលីថា ភាពជោគជ័យនៃ «គំនិតផ្តួចផ្តើម Greater BRICS» គឺអាស្រ័យលើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោក ស៊ី បន្តថាបណ្តាប្រទេស Greater BRICS គួរតែបន្តសហប្រតិបត្តិការជាមួយគ្នា រក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាងទីផ្សារដែលមានការរួមបញ្ចូលគ្នា។
លោកបានបន្ថែមថា ប្រទេសចិននឹងដើរតួនាទីនាំមុខក្នុងការបង្កើតតំបន់ប្រភពបើកចំហ (Open Source Zone) សម្រាប់បច្ចេកវិទ្យា AI របស់ BRICS ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគំរូភាសាខ្នាតធំ (large language models) ការបណ្តុះបណ្តាល AI និងប្រព័ន្ធអេកូឡូស៊ី AI បែបបើកចំហ។
លោកក៏បានស្នើឱ្យមានភាពជាដៃគូសម្រាប់តំបន់សេដ្ឋកិច្ចពិសេសរបស់ BRICS ហើយនិយាយថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាពាណិជ្ជកម្មសេវាកម្ម BRICS នៅឆ្នាំក្រោយ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។
គួររំលឹកថាក្រុម BRICS បានពង្រីកសមាជិកភាពដោយរួមបញ្ចូលទាំងប្រទេសអ៊ីរ៉ង់ ឥណ្ឌូណេស៊ី អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម បន្ថែមលើសមាជិកដើមដែលមានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានបង្កើតឡើងកាលពីពីរទសវត្សរ៍មុនក្នុងគោលបំណងផ្លាស់ប្តូររបៀបរៀបរយពិភពលោកដែលគ្របដណ្ដប់ដោយសហរដ្ឋអាមេរិក។
លើសពីនេះ ប្រទេសដៃគូចំនួន ១០ ដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅទូទាំងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងមជ្ឈិមបូព៌ា បានចូលរួម ដែលជួយពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (Global South)។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងកាលពីពេលថ្មីៗនេះថា អត្ថប្រយោជន៍នៃដំណោះស្រាយនានាដែលបង្កើតឡើងនៅក្នុងក្របខ័ណ្ឌ BRICS មិនគួរមានកម្រិតត្រឹមតែនៅក្នុងក្រុម BRICS ប៉ុណ្ណោះទេ ប៉ុន្តែគួរតែអាចសម្របខ្លួន និងអាចប្រើប្រាស់បាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (Global South)។
បន្ថែមពីនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅ BRICS ថាជាកម្លាំងចលករដ៏ខ្លាំងក្លាមួយឆ្ពោះទៅរកការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលមានភាពយុត្តិធម៌ជាងមុន និងមានប៉ូលអំណាចច្រើន (multipolar) ព្រមទាំងបានជំរុញឱ្យសមាជិកស្វែងរកវិធីដើម្បីរួមបញ្ចូលគ្នានូវគុណសម្បត្តិប្រកួតប្រជែងនៃសេដ្ឋកិច្ចរៀងៗខ្លួន។
គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះធ្វើឡើងចំពេលដែលមានការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ឈូងសមុទ្រ ដោយមានការវាយប្រហារតបតគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយក្រុមហ៊ូធី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់ បានពង្រីកជម្លោះតាមរយៈការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីត។
ប៉ុន្តែកិច្ចប្រជុំកំពូលនៅចុងសប្តាហ៍នេះ បានសម្រេចនូវគោលដៅការទូតដ៏សំខាន់មួយកាលពីថ្ងៃសៅរ៍ នៅពេលដែលខ្លួនអាចបង្កើតបាននូវការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម (UAE)។
ជាទូទៅ សេចក្តីថ្លែងការណ៍នោះបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានអំពាវនាវឱ្យមានការអត់ធ្មត់កម្រិតខ្ពស់បំផុត។
ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទនៃទីក្រុង Abu Dhabi នៅក្រៅកិច្ចប្រជុំផងដែរ ដែលនេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងមន្ត្រីនៃប្រទេសទាំងពីរ ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក។ ពួកគេបានពិភាក្សាអំពីបញ្ហាផ្សេងៗ ចាប់ពីការកាត់បន្ថយភាពតានតឹង និងស្ថិរភាព រហូតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕