ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើប្រាស់កាំភ្លើងធំ និងមីស៊ីល
កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បងសមត្ថភាពអង្គភាពកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កងទ័ពខ្លួន ក្រោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបិទបញ្ចប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញានេះថាសមយុទ្ធ «វាយប្រហារដោយកម្លាំងបាញ់រួមគ្នា» ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍នោះ ពាក់ព័ន្ធនឹងអង្គភាពកងទ័ពចំនួន ៥ និងបានសាកល្បងប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះគ្មានមនុស្សបើក (drone) សម្រាប់វាយប្រហារ មីស៊ីលប្រភេទ cruise សម្រាប់យុទ្ធសាស្ត្រ មីស៊ីលផ្លោង (ballistic) សម្រាប់យុទ្ធសាស្ត្រ និងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលមានសមត្ថភាពខ្លាំងក្លា។
KCNA បានបន្ថែមថា សមយុទ្ធនេះនឹងជួយលើកកម្ពស់ស្មារតីរបស់កងទ័ព និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការ «កម្ទេចសត្រូវទាំងស្រុង» នៅពេលណាដែលមានការបញ្ជាពីថ្នាក់ដឹកនាំ គីម ជុងអ៊ុន។
បន្ទឹមគ្នានេះ គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីមានសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕