ព័ត៌មានអន្តរជាតិ
ឥណ្ឌូណេស៊ី! លិចស្រឡាងដឹកអ្នកដំណើរ ស្លាប់មនុស្ស ៦នាក់ និងបាត់ខ្លួន ១៣០នាក់
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មលិចស្រឡាងដឹកអ្នកដំណើរ នៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៦នាក់ហើយ ខណៈ ១៣០នាក់ទៀតបាត់ខ្លួន។
តាមការផ្សាយរបស់អង្គភាព BBC បានឱ្យដឹងថា ស្រឡាង Virgo Transport8 បានដឹកអ្នកដំណើរ ២១៣នាក់ និងសមាជិកនាវិក ៣០នាក់ បានចេញដំណើរកាលពីថ្ងៃសៅរ៍ ពីក្រុងស៊ូរ៉ាបាយ៉ា នៃខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ក្រុងបានចាម៉ាស៊ីន ខេត្តកាលីម៉ាន់តាន់ខាងត្បូង ដល់ពាក់កណ្តាលផ្លូវក៏បានជួបឧបទ្ទវហេតុអាកាសធាតុអាក្រក់រលកទឹកធំៗកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។
ទិដ្ឋភាពដ៏សោកសៅសាច់នៃញាតិជនរងគ្រោះ បានយំសោកចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់ ខណៈមានខ្លះរង់ចាំនៅផែ និងខ្លះទៀតចាំនៅមន្ទីរពេទ្យ ដើម្បីស្តាប់ដំណឹងជាមួយក្តីសង្ឃឹមថា អាចរកអ្នកបាត់ខ្លួនឃើញទាំងនៅមានជីវិតវិលត្រឡប់មកជួបជុំគ្រួសារវិញ។
ក្នុងប្រតិបត្តិការសង្គ្រោះ ឥណ្ឌូណេស៊ី បានបញ្ជូនកប៉ាល់ និងឧទ្ធម្ភាគចក្រ ជាមួយក្រុមជួយសង្គ្រោះរហូតដល់ទៅ ២៨០នាក់ ជាលទ្ធផលជួយបានមនុស្ស ១០៧នាក់ ដោយសុវត្ថិភាព។
ក្នុងនាមជាប្រទេសសម្បូរទៅដោយប្រជុំកោះ ការធ្វើដំណើរតាមស្រឡាង និងទូក គឺជាមធ្យមបាយដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ហើយតែងតែគ្រោះថ្នាក់លើផ្ទៃទឹកផងដែរ។
ជាក់ស្តែង កាលពីខែកក្កដា កប៉ាល់ KM Nurul Salsa បានលិចក្នុងដែនទឹកខាងលិចកោះ ប៉ូឡាស៊ី នៃខេត្តស៊ូឡាវេស៊ីខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ខណៈ ១៤នាក់ នៅតែបាត់ខ្លួនមិនទាន់រកឃើញមកទល់ពេលនេះ៕