ព័ត៌មានទូទៅ

ខ្មែរក្នុងក្រសែភ្នែកភូមា កាលពីសម័យប្រវត្តសាស្រ្ត

Published

on

8 Views

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡាំងមកកម្ពុជា ខ្ញុំសូមជូនផ្នែកមួយនៃប្រវត្តិសាស្រ្តទំនាក់ទំនងរវាងខ្មែរនិងភូមាដោយនាវេលាពេលនេះខ្ញុំសូមលើកយកពីពាក្យថាខ្មែរក្នុងក្រសែភ្នែកភូមាកាលពីសម័យប្រវត្តិសាស្រ្តដោយនឹងចែកជាពីរប្រភពគឺ ១. តាមរយៈសិលាចារឹក និង២.តាមរយៈពង្សាវតារ។

តាមរយៈសិលាចារឹក៖

១. សិលាចារឹករបស់មននៅលើចេតីយ៍វាសាយានក្នុងតំបន់ថាតុន(Thaton)នៃរដ្ឋមន មាននិយាយអំពីពាក្យថាក្រោម (Krom) ឬខម ពោលគឺខ្មែរនេះឯងដោយបញ្ជាក់ថានៅប្រមាណគ.ស១០៥០ ស្តេចមនព្រះនាមព្រះចៅមកុដ (Makuta) មានទំនាក់ទំនងជាមួយនឹង Lwa (ល្វោ), Ja’ba (ចាបា ជ្វា?),និង Krom (ក្រោម ឬខ្មែរ)។

២. សិលាចារឹកភុកាមនៅឆ្នាំ១០៥៦មាននិយាយរៀបរាប់ថាភូមាធ្លាប់ធ្វើចម្បាំងជាមួយពួកខ្មែរដោយប្រើពាក្យថា Gywam (ខម ឬខ្មែរ) ដែលមានសំណេរដើមដូចតទៅ៖

នរថា…ត្រឡប់មកពីច្បាំងជាមួយនឹងកងទ័ពខ្មែរ (Gywam) រួចហើយកសាងវត្ត

៣. សិលាចារឹកពីភុកាមដដែលតែចារក្នុងឆ្នាំ១២៩៣ បញ្ជាក់ពីមានព្រះសង្ឃជាមហាថេរៈជនជាតិខ្មែរ (Klwam Mahathi)

៤. សិលាចារឹកវត្តស៊ីឈុមរបស់សុខោទ័យ (ចន្លោះឆ្នាំ១៣៤១ ដល់១៣៦៧) មាននិយាយអំពីពាក្យថាខម ឬខ្មែរក្រោមក្នុងឋានៈជាក្រុមអ្នកគ្រប់គ្រងដើមរបស់សុខោទ័យ និងក្រុមជនជាតិមន។

គួរគត់សម្គាល់ផងដែរថាពាក្យថា Gywam / Klwam ពួកភូមាអានថាជូន ដែលមានន័យថា ក្រោម ឬខ្មែរក្រោម ក្រោយមកជាខម ជាគឺជាពាក្យដែលមានឬសគល់តែមួយបើទោះជាអានចេញសំនៀងផ្សេងគ្នាក៏ដោយ (សូមរកអានសៀវភៅរបស់ ចិត្រ ភូមិស័ក្តិ និយាយពីអត្ថន័យនៃពាក្យថាសៀម ថៃ លាវ និងខ្មែរ បោះពុម្ពឆ្នាំ ១៩៨១)

ពួកភូមាអាចយកពាក្យ ក្រោម (Krom) ពីពួកមន តាំងពីសតវត្សទី១០ ឬ១១មកម្លេះ ព្រោះថាពាក្យស័ព្ទនេះគឺស្ថិតក្នុងភាសាអម្បូរអូស្រ្តូអាស៊ី។

តាមរយៈពង្សាវតារ

បើតាមរយៈពង្សាវតារភូមាពីដើមមកតែងតែហៅនគរអយុធ្យាថាជាខម ឬខ្មែររហូតមក។

នៅក្នុងពង្សាវតារភូមាមហាវង្ស ឬពង្សាវតាររាជវាំងកែវ (Hmannan Yazawin /Glass Palace Chronicle) ដែលបានតាក់តែងឡើងក្នុងរាជ្យព្រះបាទប៉ាកយីដ ក្នុងប្រមាណគ.ស.១៨២៩ បានរៀបរាប់ថា អយុធ្យា គឺជាពួក Gyun ឬជាខម ឬខ្មែរ ដែលមានទីតាំងនៅទិសអាគ្នេយ៍នៃអាណាចក្រភុកាមក្នុងរជ្ជកាលព្រះអនោរថា ក្នុងប្រមាណចន្លោះឆ្នាំ ១០៤៤ ដល់១០៧៧)។

បន្ថែមលើនេះទៀតពង្សាវវតារធ្លាប់បានរៀបរាប់ទៀតថា អាណាចក្រភុកាមធ្លាប់ជួយវាយបណ្តេញកងទ័ពខ្មែរ (ខម) ដែលបានមកវាយដល់អាណាចក្រហង្សាវតី ដោយបានចារថា

កងទ័ពខម (Gywam) បានរត់ភៀសខ្លួន សល់តែខោអាវជាប់ខ្លួនតែប៉ុណ្ណោះ។

បើតាមវណ្ណកម្មអក្សរសិល្បិ៍ជាពាក្យកាព្យរបស់អ្នកនិពន្ធភូមាឈ្មោះ លេតវេ ណាវរតា (Letwe Nawrahta ចន្លោះឆ្នាំ១៧២៣ ដល់១៧៩១) ដែលរៀបរាប់ពីសង្រ្គាមសៀមភូមា និងការវាយបែកក្រុង អយុធ្យា ឆ្នាំ១៧៦៧ (Yodayar Naing Mawgun) ថាកងទ័ពភូមាបានដណ្តើមយកជ័យ និងបានរាជវាំងរបស់អយុធ្យារបស់ពួកខម Gywam ។

ចំណុចដែលគួរកត់សម្គាល់ត្រង់នេះថា តើហេតុអ្វីបានជាភូមាហៅពួកសៀមនៅអយុធ្យាថាជាខម ឬខ្មែរបែបនេះ ទាំងដែលអ្នកអយុធ្យានោះមិនដែលហៅខ្លួនឯងបែបនោះសោះឡើយ។

ចម្លើយគឺថាបណ្តាឯកសារមួយភាគធំដូចបានរៀបរាប់កន្លងមកមានន័យបញ្ជាក់ថាភូមាអាចនឹងចាត់ទុកអ្នកស្រុកអយុធ្យាថាជា អ្នកបន្តវេនពីពួកខ្មែរ/ខម (Khmer/Khom Ancestry)។

អត្ថបទ ៖ លោក ម៉ៅ វុត្ថា អ្នកតាមដានបញ្ហាសង្គម

Leave a Reply

Your email address will not be published. Required fields are marked *

twenty − seventeen =

ពេញនិយម

Exit mobile version