ព័ត៌មានអន្តរជាតិ
ភ្ញាក់ផ្អើល! ក្រុមឧទ្ទាមបានកំណត់គោលដៅលើអាកាសយានដ្ឋានមីយ៉ាន់ម៉ា ជាទីតាំងយុទ្ធសាស្ត្រយោធា
ជើងហោះហើរនៅអាកាសយានដ្ឋានដែលមានសកម្មភាពមមាញឹកបំផុតទីពីរក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាបានចោទប្រកាន់ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។
អាកាសយានដ្ឋាន Mandalay គឺជាមជ្ឈមណ្ឌលធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រុមឃ្លាំមើលការវាយប្រហារតាមអាកាសលើជនស៊ីវិល ក៏បានកត់សម្គាល់ផងដែរថា វាជាទីតាំងសម្រាប់យន្តហោះចម្បាំងយោធា។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រភេទ «បំផ្ទុះខ្លួនឯង រឺដ្រូនអត្តឃាត» (suicide drones) ចំនួន ៦ គ្រឿងបានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុកមួយចំនួន ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។
ចំពោះបញ្ហានេះ គេហទំព័រតាមដានយន្តហោះ FlightRadar24 បានឱ្យដឹងថាជើងហោះហើរយ៉ាងហោចណាស់មួយដែលត្រូវបានបង្វែរទិសដៅចេញពីអាកាសយានដ្ឋាននេះ។
គូររំលឹកថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។
បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ៥ ឆ្នាំមក កងទ័ពមីយ៉ាន់ម៉ាកំពុងបើកការវាយលុកប្រឆាំងនឹងក្រុមឧទ្ទាមជាច្រើន រួមទាំងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ។
យ៉ាងណាម៉ិញ វាយប្រហារដោយក្រុមឧទ្ទាមនៅក្នុងតំបន់ទីក្រុងគឺជារឿងមួយដ៏កម្រ ដែលជាទីតាំងយុទ្ធសាស្ត្ររបស់យោធា។
ទាំងក្រុមឧទ្ទាម និងកងទ័ពមីយ៉ាន់ម៉ា សុទ្ធតែកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) នៅក្នុងជម្លោះនេះ ដែលយោងតាមអ្នកសង្កេតការណ៍មួយចំនួនបានឱ្យដឹងថា វាបានបណ្តាលឱ្យមនុស្សជាង ១០០,០០០ នាក់បាត់បង់ជីវិត។
ប៉ុន្តែ អ្នកវិភាគបានលើកឡើងថា កងទ័ពអាកាសបែបប្រពៃណីរបស់យោធា ដែលមានប្រើប្រាស់យន្តហោះចម្បាំងផលិតនៅរុស្ស៊ី និងចិន បានដើរតួនាទីយ៉ាងសំខាន់ចំពោះភាពជោគជ័យនៅលើសមរភូមិថ្មីៗនេះ។
បន្ថែមពីនោះ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិបានលើកឡើងថា កងទ័ពអាកាសនេះក៏ទទួលខុសត្រូវផងដែរចំពោះការវាយប្រហារជាញឹកញាប់ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ក្នុងចំណោមជនស៊ីវិល នៅតាមទីតាំងនានា រួមទាំងសាលារៀន និងវត្តអារាមផងដែរ៕