ព័ត៌មានអន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង កោតសរសើរកងទ័ពដែលកំពុងបំពេញបេសកកម្មក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។
អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង (ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨) លោក គីម បានថ្លែងកោតសរសើរដល់ពលរដ្ឋដែលរស់នៅក្រៅប្រទេស ប៉ុន្តែបានផ្តល់ការគោរពជាពិសេសដល់កងទ័ពដែលត្រូវបានដាក់ពង្រាយនៅក្រៅប្រទេស។
លោក គីម បានលើកឡើងក្នុងឱកាសខួបលើកទី ៧៨ ថា «ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងពិសេស និងការគោរពយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការ និងទាហាននៃកងទ័ពរបស់យើង ដែលកំពុងចូលរួមក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស»។
លោកបានបន្ថែមថា «ឧត្តមគតិរបស់យើងកំពុងក្លាយជាការពិតយ៉ាងឆាប់រហ័ស ដោយសារស្មារតីស្នេហាជាតិ ការស្ម័គ្រចិត្តបម្រើជាតិ និងការរួមចំណែកដ៏មុតមាំរបស់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបួងសួងសុំឱ្យប្រទេសជាតិមានភាពរីកចម្រើនរុងរឿង»។
យោងតាមកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងប្រហែល ២,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមគ្នានេះ កាលពីខែសីហា អ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបាញ់បង្ហោះមីស៊ីលផ្លោង (ballistic missiles) របស់កូរ៉េខាងជើង នៅក្នុងការវាយប្រហារមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។
ទីក្រុងគៀវ (Kyiv) ក៏បានលើកឡើងផងដែរថា ទាហានកូរ៉េខាងជើងរហូតដល់ ៥០,០០០ នាក់ គ្រោងនឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ទោះបីជាមិនមានការផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងនេះ ឬការបញ្ជាក់អំពីពេលវេលាជាក់លាក់សម្រាប់ការដាក់ពង្រាយក៏ដោយ៕