ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រគ្រូពេទ្យចល័តនៅម៉ាឡេស៊ី បណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់

Published

on

12 Views

មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Miri។

លោក Galong Luang ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទីក្រុង Miri បានឱ្យដឹងថា មនុស្សទាំង ៥ នាក់នៅលើឧទ្ធម្ភាគចក្រនោះបានស្លាប់បាត់បង់ជីវិត ដែលត្រូវបានបញ្ជាក់ដោយរបាយការណ៍ពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះ (Bomba) និងក្រសួងសុខាភិបាល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកបើកបរ គ្រូពេទ្យម្នាក់ ជំនួយការផ្នែកវេជ្ជសាស្ត្រម្នាក់ និងគិលានុបដ្ឋាក/គិលានុបដ្ឋាយិកាពីរនាក់ ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នោះ។

វីដេអូនៃហេតុការណ៍ធ្លាក់ដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញឧទ្ធម្ភាគចក្រនោះមានផ្សែងហុយចេញមក មុនពេលវាធ្លាក់ចុះមកលើដី។

ទន្ទឹមគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានឱ្យដឹងថា ក្រុមស៊ើបអង្កេតករណីធ្លាក់យន្តហោះរបស់ម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងទៅដល់ទីតាំងកើតហេតុនៅថ្ងៃពុធ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើអ្វីជាមូលហេតុដែលបណ្តាលឱ្យមានការធ្លាក់នេះ៕

យ៉ាងណាម៉ិញ សេវាកម្មគ្រូពេទ្យតាមផ្លូវអាកាសរបស់ម៉ាឡេស៊ី ផ្តល់ជំនួយដល់សហគមន៍ជនជាតិដើមភាគតិច ដែលពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារតំបន់ដីគោករបស់ប្រទេសនេះសម្បូរទៅដោយព្រៃក្រាស់ និងមានភូមិសាស្ត្រលំបាកក្នុងការធ្វើដំណើរ។

ជាធម្មតា ក្រុមការងារដែលរួមមានមន្ត្រីវេជ្ជសាស្ត្រ ជំនួយការមន្ត្រីវេជ្ជសាស្ត្រ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា និងបុគ្គលិកសុខាភិបាលផ្សេងទៀត ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ឬយន្តហោះខ្នាតតូច ទៅកាន់ភូមិ និងផ្ទះសហគមន៍ (longhouses) តាមកាលវិភាគផ្លាស់ប្តូរវេនប្រចាំខែ ឬរៀងរាល់ពីរខែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

eleven − three =

ពេញនិយម

Exit mobile version