ព័ត៌មានអន្តរជាតិ
វៀតណាម នឹងជួយមីយ៉ាន់ម៉ាពង្រឹងវិស័យការពារជាតិ និងជម្រុញសេដ្ឋកិច្ច
(ហូជីមិញ)៖ ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា បានយល់ព្រមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ដោយបានលើកកម្ពស់វិស័យនេះឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចចរចារវាងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង និងប្រធានរដ្ឋវៀតណាម លោក តូ ឡាំ នៅទីក្រុងហាណូយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី៨កញ្ញានេះបានឱ្យដឹងថា មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបង្កើនការចែករំលែកព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗ។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសដទៃនោះឡើយ។
បន្ថែមពីនោះ មេដឹកនាំទាំងពីរបានយល់ព្រមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយកំណត់យកវិស័យសក្តានុពលដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃចំណីអាហារ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
គូសបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង នឹងបន្តមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ៕