ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺគ្រុនឈាមនៅប្រទេសបង់ក្លាដែស ខណៈមន្ទីរពេទ្យគ្មានកន្លែងព្យាបាលអ្នកជំងឺ

Published

on

20 Views

ជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លាដែស កំពុងផ្ទុះឡើងយ៉ាងខ្លាំងដោយយមានអ្នកជំងឺសរុប ៤២ ៥៩០នាក់ចូលព្យាបាលនៅមន្ទីរពេទ្យ និង១១៧នាក់បានស្លាប់។ ការកើនឡើងខ្លាំងនៅក្នុងខែកញ្ញា ក្នុងឆ្នាំ២០២៦នេះ កំពុងដាក់សម្ពាធលើមន្ទីរពេទ្យ និងបង្កើនការភ័យខ្លាចថា ជំងឺដែលឆ្លងតាមរយៈសត្វមូសនេះ អាចនឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

ទិន្នន័យពីក្រសួងសុខាភិបាលបង់ក្លាដែស បង្ហាញថា យ៉ាងហោចណាស់ អ្នកជំងឺគ្រុនឈាម៤នាក់ថ្មី បានស្លាប់ និង ១៥៥៨នាក់ផ្សេងទៀត បានចូលព្យាបាលនៅមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុតនៃអ្នកចូលមន្ទីរពេទ្យប្រចាំថ្ងៃ ត្រូវបានកត់ត្រាសម្រាប់ឆ្នាំនេះ។

ជំងឺគ្រុនឈាម ដែលអាចបង្កឱ្យអាការគ្រុនក្តៅ ឈឺក្បាលធ្ងន់ធ្ងរ និងផលវិបាកស្មុគស្មាញផ្សេងៗ រហូតឈានដល់ការបាត់បង់ជីវិត បានរីករាលដាលយ៉ាងខ្លាំង អំឡុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញ បន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងជំងឺគ្រុនឈាមដ៏សាហាវបំផុតនៅបង់ក្លាដែស កាលពីក្នុងឆ្នាំ២០២៣។ ការផ្ទុះឡើងនាពេលនេះ បានដាក់សម្ពាធបន្ថែមលើប្រព័ន្ធសុខាភិបាល ដែលកំពុងប្រឈមនឹងបញ្ហារីករាលដាលនៃជំងឺកញ្ជ្រឹលទូទាំងប្រទេសរួចស្រាប់ ដែលបានសម្លាប់កុមារជិត ១០០០នាក់ក្នុងឆ្នាំនេះ។ អ្នកជំនាញសុខភាពបានព្រមានថា ខែកញ្ញាអាចនឹងកាន់តែធ្ងន់ធ្ងរជាងខែសីហា ដែលបានកត់ត្រាចំនួនអ្នកជំងឺគ្រុនឈាមប្រចាំខែខ្ពស់បំផុត ក្នុងឆ្នាំ២០២៦នេះ។

យោងតាមលោកសាស្រ្តាចារ្យ Kabirul Bashar អ្នកជំនាញផ្នែកសិក្សាជំងឺបង្កឡើងដោយសត្វល្អិត នៅសាកលវិទ្យាល័យ Jahangirnagar បានបង្ហាញឱ្យឃើញថា ចំនួនអ្នកចូលព្យាបាលនៅមន្ទីរពេទ្យ អាចមានលើសពី ៣០ ០០០នាក់ក្នុងខែនេះ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ដោយលក្ខខណ្ឌអាកាសធាតុ ទំនងជានឹងគាំទ្រដល់ការចម្លងរហូតដល់ខែតុលា។ លោក Bashar បាននិយាយដូច្នេះថា «កម្រិតខ្ពស់បំផុតនៃការឆ្លងរីករាលដាល មិនទាន់ត្រូវបានឈានដល់នៅឡើយទេ។ ប្រសិនបើគន្លងបច្ចុប្បន្ននៅតែបន្ត ខែកញ្ញាអាចក្លាយជាខែដ៏អាក្រក់បំផុតប្រចាំឆ្នាំ សម្រាប់ការឆ្លងជំងឺគ្រុនឈាម»៕

Leave a Reply

Your email address will not be published. Required fields are marked *

17 + 18 =

ពេញនិយម

Exit mobile version