ព័ត៌មានអន្តរជាតិ
អគ្គីភ័យឆាបឆេះផ្សារលក់ដូរនៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស ១១នាក់រួមទាំងកុមារ ៦នាក់
អគ្គីភ័យនៅតំបន់ប៉ាពួរភាគខាងកើតបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានឆាបឆេះផ្សារមួយកាលពីព្រឹកថ្ងៃចន្ទនេះ បានសម្លាប់មនុស្ស ១១នាក់ រួមទាំងកុមារ ៦នាក់។
អ្នកនាំពាក្យប៉ូលីសក្នុងតំបន់លោក Henry J. Manurung បាននិយាយថា អគ្គីភ័យនេះត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងទីក្រុង Paniai ក្នុងខេត្តប៉ាពួរភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយវាបានរាលដាលយ៉ាងឆាប់រហ័សដល់ហាងជាច្រើន។
លោកបន្តថា ក្នុងអំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញជនរងគ្រោះចំនួន ១១ នាក់ដែលបានស្លាប់ដោយសាររបួសរលាក។ ក្នុងចំណោមជនរងគ្រោះទាំង ១១ នាក់ មានមនុស្សពេញវ័យ ៥នាក់ ខណៈដែលកុមារ ៦នាក់ផ្សេងទៀត។ កុមារទាំងនោះមានអាយុចន្លោះពី ២ ទៅ ៩ ឆ្នាំ។
អគ្គីភ័យដែលបានឆាបឆេះអស់រយៈពេលជាងបីម៉ោង បានបំផ្លាញតូបលក់ដូរ និងផ្ទះយ៉ាងហោចណាស់ ៤០ ខ្នង ទោះបីជាមានការដាក់ពង្រាយរថយន្តពន្លត់អគ្គីភ័យ និងកាណុងទឹកក៏ដោយ។ យ៉ាងណាម៉ិញ អាជ្ញាធរនៅតែកំពុងស៊ើបអង្កេតមូលហេតុនៃអគ្គីភ័យនេះ។
អគ្គីភ័យដ៏សាហាវមិនមែនជារឿងចម្លែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ កាលពីខែធ្នូ មនុស្ស ២២នាក់បានស្លាប់ នៅពេលដែលអគ្គីភ័យបានឆាបឆេះអគារការិយាល័យប្រាំពីរជាន់មួយកន្លែងនៅកណ្តាលទីក្រុងហ្សាកាតា។ បន្ថែមពីនោះ ការផ្ទុះនៅរោងចក្រកែច្នៃនីកែលមួយកន្លែងនៅភាគខាងកើតប្រទេសក្នុងឆ្នាំ២០២៣ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់៕