ព័ត៌មានអន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ប្រមូលផ្តុំគ្នាទាមទារវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញដោយសុវត្ថិភាព
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មកពីមីយ៉ាន់ម៉ា ដែលកំពុងរស់នៅក្នុងជំរំរាប់សិបកន្លែងនៅប្រទេសបង់ក្លាដែស បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ទី២៦សីហានេះ ដើម្បីទាមទារឲ្យមានការវិលត្រឡប់ទៅកាន់រដ្ឋកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីការបង្ក្រាបរបស់រដ្ឋាភិបាលអស់រយៈពេល ៩ ឆ្នាំមកហើយ។
ក្រុមបាតុករបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាសន្តិសុខនៅរដ្ឋ Rakhine ខណៈពួកគេប្រារព្ធអ្វីដែលពួកគេហៅថា «ខួបលើកទី៩ នៃទិវាប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា»។
បច្ចុប្បន្ន ជនភៀសខ្លួនជាង ១ លាននាក់មកពីសហគមន៍ជនជាតិភាគតិច និងសាសនារបស់រ៉ូហ៊ីងយ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរស់នៅក្នុងជំរំដ៏ធំទូលាយជាច្រើនជុំវិញស្រុក Cox’s Bazar នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។
ភាគច្រើននៃពួកគេ បានភៀសខ្លួនឆ្លងកាត់ព្រំដែនក្នុងទ្រង់ទ្រាយធំនៅឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក បានបើកប្រតិបត្តិការបង្ក្រាបនៅរដ្ឋ Rakhine ក្រោយពីមានការវាយប្រហារមួយដោយក្រុមបះបោរមូស្លីមរ៉ូហ៊ីងយ៉ា។
រដ្ឋាភិបាលបង់ក្លាដែសធ្លាប់បានព្យាយាមចាប់ផ្តើមការធ្វើមាតុភូមិនិវត្តន៍យ៉ាងហោចណាស់ពីរលើកមកហើយ ប៉ុន្តែមិនទទួលបានជោគជ័យទេ ដោយសារគ្មានជនភៀសខ្លួនណាម្នាក់ មានឆន្ទៈវិលត្រឡប់ទៅវិញ ដោយលើកឡើងពីក្តីបារម្ភអំពីសន្តិសុខ។ រដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា ខ្លួននឹងមិនបង្ខំអ្នកណាម្នាក់ឲ្យវិលត្រឡប់ទៅវិញឡើយ៕