ព័ត៌មានអន្តរជាតិ

មនុស្សជិត ២ពាន់នាក់អូសប្រាសាទបុរាណទម្ងន់ ៣៦០តោនដោយប្រើខ្សែពួរ និងឧបករណ៍រំកិល

Published

on

48 Views

មនុស្សប្រហែល ១,៨០០ នាក់បានមកជួបជុំគ្នានៅភាគខាងជើងប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុន ដើម្បីទាញប៉មប្រាសាទទម្ងន់ ៣៦០ តោនឲ្យជិតកន្លែងដើមរបស់វាជាងពីរម៉ែត្របន្តិច បន្ទាប់ពីជួសជុលប្រាសាទហ៊ីរ៉ូសាគីក្នុងខេត្តអាអូម៉ូរី។ ប្រាសាទនេះជាប៉មដ៏រឹងមាំមួយក្នុងប្រាសាទ ត្រូវបានផ្លាស់ប្តូរដើម្បីជួសជុលជញ្ជាំងដែលរងការខូចខាតពីការរញ្ជួយដីដ៏ធំមួយ។
ក្រុមមនុស្សចំនួន ៨០ នាក់ដែលប្តូរវេនគ្នាបានលើកខ្សែពួរប្រវែង ៣០ម៉ែត្រ ខណៈដែលប៉មប្រាសាទ Hirosaki ក្នុងខេត្ត Aomori បានខិតទៅជិតគោលដៅរបស់វា។ ការទាញនេះប្រើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អ្នកចូលរួមបានអូសប៉មនេះបានចម្ងាយ ១.១៣ ម៉ែត្រ ខណៈដែលនៅថ្ងៃអាទិត្យបានចម្ងាយ ១.០៩ ម៉ែត្រទៀត។
លោក Kensuke Hayasaka ប្រធានផ្នែកឧទ្យាន និងទីធ្លាបៃតងនៅទីក្រុង Hirosaki បានឱ្យដឹងថា លោកបានទទួលពាក្យអ្នកសុំចូលរួមប្រហែល ៨,០០០ ប៉ុន្តែលោកយកមនុស្សតែ ១,៨០០នាក់ប៉ុណ្ណោះ។ នេះជាចំនួនអ្នកចុះឈ្មោះលើសចំនួនប្រហែលបួនដង ដូច្នេះមិនមែនគ្រប់គ្នាអាចចូលរួមបានទេ។ លោកបន្ថែមថា អ្នកទាំងអស់នោះ មិនត្រឹមតែមកពីទីក្រុងនោះទេ ប៉ុន្តែមកពីទូទាំងប្រទេសជប៉ុន និងនៅបរទេសរួមមាន មកពីអាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងជើង។
ប៉មនៅប្រាសាទហ៊ីរ៉ូសាគី គឺជាសំណង់មួយក្នុងចំណោមសំណង់ទាំង១២ ដែលនៅសេសសល់នៅក្នុងប្រទេសជប៉ុន និងជាសំណង់តែមួយគត់នៅក្នុងតំបន់តូហូគុភាគឦសាន។ ប្រាសាទនេះជាកម្មសិទ្ធិរបស់ត្រកូលស៊ូហ្គារូ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ១៦១១ ប៉ុន្តែប៉មដើមត្រូវបានឆេះបន្ទាប់ពីរន្ទះបាញ់បានឆាបឆេះឃ្លាំងអាវុធនៅឆ្នាំ ១៦២៧។ សំណង់បច្ចុប្បន្នត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ ១៨១០ ហើយប្រាសាទនេះឥឡូវនេះជាចំណុចកណ្តាលនៃឧទ្យានមួយដែលទាក់ទាញភ្ញៀវទេសចរប្រហែល ២ លាននាក់ជារៀងរាល់ឆ្នាំក្នុងរដូវផ្ការីក៕

Leave a Reply

Your email address will not be published. Required fields are marked *

twenty − 18 =

ពេញនិយម

Exit mobile version