ព័ត៌មានទូទៅ
អគ្គិភ័យលេបត្របាក់ឃ្លាំងស្តុកក្រណាត់ ខូចខាតទ្រព្យសម្បត្តិប្រមាណ ១២,០០០ដុល្លារ នៅស្រុកបាទី
ឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែងនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតកំទេចក្រណាត់ប្រមាណ ៣០តោន និងឃ្លាំងស្តុកទំនិញសរុបជាទឹកប្រាក់ប្រមាណ ១២,០០០ដុល្លារអាមេរិក ខណៈមិនមានរបាយការណ៍ចំនួនមនុស្សរងគ្រោះនោះឡើយ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៥ ខែសីហា នៅឃ្លាំងស្តុកកំទេចក្រណាត់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ។
ឃ្លាំងដែលរងការឆាបឆេះមានទំហំ ១៣ម៉ែត្រ × ២០ម៉ែត្រ សាងសង់ពីដែក ជញ្ជាំងឥដ្ឋ និងដំបូលស័ង្កសី។ ក្នុងហេតុការណ៍នេះ កំទេចក្រណាត់ប្រមាណ ៣០តោន ត្រូវបានបំផ្លាញ ដែលមានតម្លៃប្រមាណ ២,០០០ដុល្លារ ខណៈឃ្លាំងស្តុកមានតម្លៃប្រមាណ ១០,០០០ដុល្លារ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក្រុមសមត្ថកិច្ចបានប្រើប្រាស់ទឹកសរុប ១៧រថយន្តស្មើប្រមាណ១០២ម៉ែត្រគូប ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យ មិនឱ្យបន្តរាលដាលទៅកាន់ទីតាំងជិតខាង។
ជាលទ្ធផល អគ្គិភ័យត្រូវបានទប់ស្កាត់មិនឱ្យរាលដាលដល់រោងចក្រ និងទីតាំងផ្សេងៗនៅក្បែរនោះឡើយ។ ជាពិសេស មិនមានមនុស្ស រងគ្រោះ និងមិនបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងកើតហេតុនោះទេ។
ចំពោះមូលហេតុនៃការកើតអគ្គិភ័យសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយហើយកំពុងបន្តស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីកំណត់មូលហេតុពិតប្រាកដ៕