ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនជនជាតិថៃ៤នាក់ ពាក់ព័ន្ធចាប់ជំរិតនិស្សិតចិនយកទៅលក់នៅមីយ៉ាន់ម៉ា

Published

on

47 Views

ប៉ូលីសថៃបានចាប់ខ្លួនបុរសជនជាតិថៃចំនួន ៤នាក់ ក្រោយបានធ្វើសកម្មភាពចាប់ជម្រិតស្ត្រីជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ ចេញពីសណ្ឋាគារក្នុងក្រុងបាងកក ដោយព្យាយាមនាំនាងទៅកាន់ស្រុក Mae Sot ក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា។
យោងតាមកាសែត Thai Enquirer បានបញ្ជាក់នៅថ្ងៃទី២៥សីហានេះថា ជនរងគ្រោះកំពុងស្ថិតក្នុងការធ្វើដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានអ្នកស្គាល់គ្នាម្នាក់នៅទីនោះ ល្បួងនាងឱ្យមកកម្សាន្តនៅប្រទេសថៃជាមុនសិន។
តាមការរៀបរាប់ ជនសង្ស័យដែលជាអ្នកបើកបរបានទៅទទួលនាងពីសណ្ឋាគារ រួចបន្តទៅទទួលបក្ខពួក ៣នាក់ទៀត ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ចងដៃ និងវាយដំលើរូបនាង។ រថយន្តនោះបានបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤ រហូតដល់ខេត្ត Kamphaeng Phet ទើបសមត្ថកិច្ចថៃកត់សម្គាល់ឃើញស្ត្រីរងគ្រោះស្រែកឱ្យគេជួយ។ អ្នកបើកបរបានបន្ថែមល្បឿនរត់គេច ប៉ុន្តែជនរងគ្រោះបានសម្រេចចិត្តលោតចុះពីរថយន្តដែលកំពុងបើកបរ រួចរត់ទៅសុំជំនួយពីហាងអ៊ុតសក់មួយកន្លែងនៅជិតនោះ។
ភ្លាមៗនោះប៉ូលីសបានបាញ់ធ្លាយកង់រថយន្ត និងចាប់ខ្លួនជនសង្ស័យ ២ នាក់ឈ្មោះ Somkiat អាយុ ៤១ ឆ្នាំ និង Kittiporn អាយុ ២៤ ឆ្នាំ រួចបន្តតាមចាប់ខ្លួន ២ នាក់ទៀតឈ្មោះ Suchat អាយុ ៤១ ឆ្នាំ និង Kittisak អាយុ ២២ ឆ្នាំ ដែលកំពុងលាក់ខ្លួនក្នុងវត្តមួយ។
យោងតាមលោក Pol Col Somkasem Charak ស្នងការប៉ូលីសខេត្ត Kamphaeng Phet បានបញ្ជាក់ថា ករណីនេះហាក់បីដូចជាមានទំនាក់ទំនងជាមួយបណ្តាញជួញដូរមនុស្ស ដោយសារក្រុមជនសង្ស័យមានការរៀបចំផែនការយ៉ាងស្ទាត់ជំនាញក្នុងការល្បួង និងដឹកជញ្ជូននាងទៅប្រទេសជិតខាង។ លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចថៃកំពុងបន្តស្វែងរកអ្នកល្បួងរូបនោះ និងបក្ខពួកពាក់ព័ន្ធបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − one =

ពេញនិយម

Exit mobile version