ព័ត៌មានអន្តរជាតិ
រុស្ស៊ីធ្វើសមយុទ្ធយោធាវាយប្រហារសត្រូវ នៅជិតប្រជុំកោះ Kuril
កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើសមយុទ្ធបាញ់មីស៊ីលប្រឆាំងនឹងក្រុមនាវាដែលក្លែងធ្វើជាសត្រូវ នៅជិតឆ្នេរសមុទ្រនៃប្រជុំកោះ Kuril ភាគខាងត្បូង។ នេះបើយោងតាមការិយាល័យព័ត៌មានរបស់កងនាវានេះ ដែលបានប្រកាសឱ្យដឹងនៅថ្ងៃ ទី២០ ខែសីហានេះ។
ការិយាល័យសារព័ត៌មានរបស់កងនាវានេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ មានពាក់ព័ន្ធនឹងក្រុមនាវាលើផ្ទៃទឹកនៃកងនាវាប៉ាស៊ីហ្វិក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអង្គភាពមីស៊ីលឆ្នេរសមុទ្រ។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា ក្រុមគោលដៅ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីទីតាំងបាញ់ ហើយបានកត់សម្គាល់ថា «យោងតាមប្រព័ន្ធពិនិត្យតាមដាន គោលដៅទាំងអស់ត្រូវបានវាយប្រហារប្រកបដោយជោគជ័យ»។
កងនាវាបានឱ្យដឹងទៀតថា តំបន់អនុវត្តការបាញ់ ត្រូវបានបិទជាមុន សម្រាប់ការដឹកជញ្ជូនស៊ីវិល និងយន្តហោះ។ យោងតាមកងនាវាប៉ាស៊ីហ្វិកដដែល បានបន្ថែមថា សមយុទ្ធទាំងនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃសកម្មភាពហ្វឹកហ្វឺនប្រយុទ្ធដែលបានគ្រោងទុក។
សមយុទ្ធនេះកើតឡើងស្របពេលមានជម្លោះការទូតថ្មី រវាងទីក្រុងមូស្គូ និងតូក្យូ ពាក់ព័ន្ធនឹងប្រជុំកោះ Kuril។ ប្រជប៉ុនបានតវ៉ាប្រឆាំងនឹងការធ្វើដំណើររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី១៣ ខែសីហា ទៅកាន់កោះ Iturup ដែលជាមួយ ក្នុងចំណោមកោះចំនួន៤ នៃប្រជុំកោះ Kuril ភាគខាងត្បូង ដែលប្រទេសទាំង២ ទាមទារដូចគ្នា៕