Uncategorized
ក្រោយពេលប្រឈមនឹងការរុះរើបន្ទាន់ សាលាដូងនៅលើភ្នំគីរីរម្យ ប្រែមកទទួលបានការថែទាំ
បន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានប្រែសកម្មភាពពីការរុះរើចេញដោយកងកម្លាំងទាហាន មកជាការចូលទៅពិនិត្យមើលដោយស្នាមញញឹមរាក់ទាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់ តបតាមការចង្អុរបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសាលាដូង ជាមួយនឹងការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។
ដើម្បីស្វែងយល់លើបញ្ហានេះ សម្តេច ហ៊ុន ម៉ាណែត ដែលបានជួបផ្ទាល់ជាមួយលោក វណ្ណដេ បានចាត់ទុកថា នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ សម្តេចធិបតី គាំទ្រឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតា ដើម្បីបង្រៀនសិស្ស។
ការចាត់តាំងមន្ត្រី ជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំដំណោះស្រាយមួយឲ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាច នៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មេងៗនៅទីនោះ។
ប្រកាសជាសាធារណៈនៅព្រឹកថ្ងៃនេះ សម្តេចបានចូលរួមសម្រួលបន្ទុកលើដំណើរការសាលាដូង ដោយផ្ដល់ការឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែៗ ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។
មហាជនបានសាទរ និងចាត់ទុកថា នេះជាការដោះស្រាយការងារដោយភាពជាក់ស្តែងរបស់នាយករដ្ឋមន្រ្តីលើបញ្ហាសង្គម ដែលមិនផ្អែកតែលើការរាយការណ៍របស់មន្រ្តីតែម្យ៉ាង៕