ព័ត៌មានអន្តរជាតិ
មេដឹកនាំមីយ៉ាន់ម៉ា ធ្វើដំណើរទៅជួប ពូទីន នៅរុស្ស៊ី
មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានចេញដំណើរនៅព្រឹកថ្ងៃចន្ទទី១៥សីហានេះ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីទៅជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការលើកឡើងរបស់ទីក្រុងណៃពិដោ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះបានក្លាយជាប្រធានាធិបតីស៊ីវិល។
ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលគាំទ្រប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល ដែលត្រូវបានប៉ាន់ប្រមាណថាបានសម្លាប់មនុស្សជាង ១០០,០០០នាក់។
លោក មីន អ៊ុង លាំង ត្រូវបានតែងតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងខែមេសា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើងជាដំណាក់កាល ត្រូវបានប្រទេសលោកខាងលិច និងអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យចាត់ទុកថាជាការក្លែងបន្លំ។
ដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី មានគោលបំណង «ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធយូរអង្វែងរវាងមីយ៉ាន់ម៉ា និងរុស្ស៊ី និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ» ជាពិសេសលើសន្តិសុខ និងសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីមីយ៉ាន់ម៉ា។
យ៉ាងណាក៏ដោយ យោធាមីយ៉ាន់ម៉ាប្រើប្រាស់យន្តហោះចម្បាំងផលិតនៅរុស្ស៊ីប្រឆាំងនឹងក្រុមឧទ្ទាម ហើយក៏ត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅលើជនស៊ីវិលផងដែរ ដោយក្នុងការវាយប្រហារទាំងនោះ អ្នកឃ្លាំមើលជម្លោះមួយចំនួននិយាយថា មានចំនួនស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។
គូសបញ្ជាក់ថាលោក មីន អ៊ុង លាំង បានធ្វើដំណើរជាច្រើនលើកនៅក្រៅប្រទេសចាប់តាំងពីខែមេសា រួមទាំងទៅកាន់ប្រទេសចិន ឥណ្ឌា និងប្រទេសថៃ ខណៈដែលលោកកំពុងនាំរដ្ឋដែលត្រូវបានមើលងាយឱ្យវិលត្រឡប់មកអន្តរជាតិវិញ៕