ព័ត៌មានអន្តរជាតិ
មនុស្សជិត ១៣,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនៅឥណ្ឌូនេស៊ី
មនុស្សរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានរង់ចាំជំនួយដែលត្រូវការយ៉ាងខ្លាំងនៅព្រឹកថ្ងៃចន្ទទី១៧សីហានេះ ខណៈដែលពួកគេបានបោះជំរុំនៅតាមសាលារៀន ស្ថានីយ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល ដោយមនុស្សជាច្រើនជាប់គាំងនៅខាងក្រៅ។
មន្ត្រីជួយសង្គ្រោះបានឱ្យដឹងថា មិនមានរបាយការណ៍អំពីមនុស្សបាត់ខ្លួននោះទេ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រនៅព្រឹកថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៥៣នាក់ និងរបួសជាង ១០០នាក់។
ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានកើនឡើងដល់ ១២,៨០០នាក់នៅព្រឹកថ្ងៃចន្ទ ដែលរាយប៉ាយតាមបណ្តារទីក្រុងជាច្រើននៅលើកោះ Flores នេះបើយោងតាមលោក Berton Suar Pelita Panjaitan អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ BNPB របស់ឥណ្ឌូនេស៊ី។
យ៉ាងណាម៉ិញ ប្រជាពលរដ្ឋ Flores ជាច្រើនមានការចងចាំដ៏រន្ធត់អំពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រមួយផ្សេងទៀតដែលបានវាយប្រហារកោះនេះក្នុងឆ្នាំ ១៩៩២ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ និងសម្លាប់មនុស្សប្រហែល ២,៥០០ នាក់។
ប្រទេសឥណ្ឌូនេស៊ីជួបប្រទះនឹងការរញ្ជួយដីជាញឹកញាប់ដោយសារតែទីតាំងស្ថិតនៅក្នុង «រង្វង់ភ្លើង» ប៉ាស៊ីហ្វិក ដែលជាខ្សែកោងនៃសកម្មភាពរញ្ជួយដីខ្លាំងដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក។ កាលឆ្នាំ ២០០៤ គ្រោះរញ្ជួយដីដ៏សាហាវមួយកម្រិត ៩.១ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រស៊ូម៉ាត្រា ហើយបានបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស ២២០.០០០ នាក់នៅទូទាំងតំបន់ ដែលក្នុងនោះប្រហែល ១៧០.០០០ នាក់ជនជាតិឥណ្ឌូនេស៊ី។ វាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក៕