ព័ត៌មានទូទៅ
សំណុំរឿងស្ត្រីជេរប្រមាថកងទ័ពកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
សំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយដែលបានប្រើពាក្យអសុរសយ៉ាងខ្លាំង ព្រមទាំងជេរប្រមាថអតិថិជនរបស់ខ្លួនដែលជាកងទ័ព ផ្អើលពេញបណ្តាញសង្គម ហើយដែលត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាននោះ ពេលនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ស្ត្រីរូបនេះ ឈ្មោះចិន្តាសុវណ្ណារីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ផ្លូវលេខ១ភូមិដូងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន និងសំណុំរឿងស្ត្រីឈ្មោះចិន្តាសុវណ្ណារីទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីតាមផ្លូវច្បាប់។
បើយោងតាមប្រភពពី BTV ដែលបានការ បញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានប្រាប់នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ សីហានេះថា សំណុំរឿងស្ត្រីជេរប្រមាថកងទ័ព កំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នៅលើបណ្តាញសង្គម មហាជនដ៏ច្រើនលើសលប់បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការប្រើពាក្យដ៏អសុរស ជាពិសេសការជេប្រមាថមាក់ងាយកងទ័ពតែម្តង ដែលជាទង្វើមិនគប្បីទាល់តែសោះ គ្រាន់តែករណីទិញដូរទូរស័ព្ទដៃតម្លៃត្រឹមប៉ុណ្ណឹងនោះ៕