ព័ត៌មានទូទៅ
ប្រុងប្រយ័ត្ន! កម្ពុជាអាចរងខ្យល់កន្ត្រាក់ខ្លាំងចន្លោះពីថ្ងៃទី១២-១៦សីហានេះ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។
ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
តំបន់វាលទំនាប អាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនប្រមាណ ១៥ម៉ែត្រ/វិនាទី។ ចំពោះតំបន់ខ្ពង់រាប អាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់ ២០ម៉ែត្រ/វិនាទី ខណៈតំបន់មាត់សមុទ្រ អាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនប្រមាណ ១៨ម៉ែត្រ/វិនាទី។ ចំណែករលកសមុទ្រអាចមានកម្ពស់មធ្យមពី ០,៥០ម៉ែត្រ ដល់ ២,០០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងការប្រែប្រួលនៃស្ថានភាពអាកាសធាតុ៕