ព័ត៌មានអន្តរជាតិ
លោក ណេតាន់យ៉ាហ៊ូច្រានចោលសំណើសន្តិភាពក្រុងហ្គាហ្សា ១៥ចំណុចរបស់លោក ត្រាំ
កាលពីចុងខែកក្កដាថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា «ក្រុមប្រឹក្សាសន្តិភាព» បានឈានដល់កិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សា ហើយវាជាសមិទ្ធផលដ៏ធំមួយក្នុងការអនុវត្តផែនការសន្តិភាពរបស់លោក ខណៈកិច្ចព្រមព្រៀងនឹងត្រូវអនុវត្តជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នរវាងភាគីពាក់ព័ន្ធ។
យោងតាងអង្គភាព AFPបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមកប្រតិកម្មប្រឆាំងទៅនឹងលោក ត្រាំ ដោយប្រកាសក្តែងៗថា នឹងគ្មានការអនុវត្តតាមផែនការ១៥ចំណុច របស់ប្រធានាធិបតីអាម៉េរិកទេ ហើយអ៊ីស្រាអែល នឹងមិនដកទ័ពចេញដាច់ខាត លុះត្រាតែក្រុមហាម៉ាស ទម្លាក់អាវុធចុះទាំងអស់។ លោកអះអាងថា «អ៊ីស្រាអែល សូមច្រានចោលឯកសារ ១៥ចំណុចនោះ។ អ៊ីស្រាអែល អត់អាចដកទ័ពចេញពីហ្គាហ្សាបានទេ បើក្រុមហាម៉ាស នៅតែមិនព្រមទម្លាក់អាវុធចុះ ហើយបន្តគំរាមកំហែងដល់កងកម្លាំង និងប្រជាជនរបស់យើង»។
ការលើកឡើងបែបនេះ វាយផ្ទុយស្រឡះទៅនឹងការប្រកាសរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនាំយកសន្តិភាពជូនតំបន់ហ្គាហ្សា។
ខាងក្រោមនេះជាផែនការ ១៥ចំណុចរបស់លោក ត្រាំ ៖
- ១.តម្រូវឲ្យមានការប្រគល់អាវុធធុនធ្ងន់ ទីតាំងផលិតអាវុធយោធា និងឃ្លាំងអាវុធរបស់ក្រុមហាម៉ាស តាមប្រព័ន្ធរៀបចំច្បាស់លាស់។
- ២.តម្រូវឲ្យមានការរុះរើ និងបិទច្រកបណ្តាញផ្លូវទ័ពក្រោមដី ដ៏ទូលំទូលាយទាំងស្រុង នៅទូទាំងតំបន់ហ្គាហ្សា។
- ៣.តម្រូវឲ្យក្រុមប្រដាប់អាវុធសកម្មផ្សេងទៀត និងក្រុមប្រដាប់អាវុធក្នុងស្រុករបស់ប៉ាឡេស្ទីនទាំងអស់ នៅខាងក្នុងតំបន់ហ្គាហ្សា ប្រគល់អាវុធរបស់ពួកគេ។
- ៤.កំណត់គោលដៅ សម្រាប់កាលវិភាគរំសាយអាវុធទាំងអស់ ត្រូវសម្រេចឲ្យបានរួចរាល់ ក្នុងរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីភាគីទាំងអស់អនុម័តលើកិច្ចព្រមព្រៀង។
- ៥.រៀបចំដំណាក់កាលនៃការដកកងទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ដោយស្របគ្នាទៅនឹងសមិទ្ធផលនៃការផ្ទៀងផ្ទាត់ការរំសាយអាវុធ។
- ៦.កំណត់ការដកថយដំបូង នៃកងកម្លាំងអ៊ីស្រាអែល ត្រឡប់ទៅកាន់ខ្សែបន្ទាត់ដែលបានកំណត់ទុកជាមុន ក្នុងអំឡុងពេល មានបទឈប់បាញ់កាលពីខែតុលា។
- ៧.ប្រើប្រាស់ភ្នាក់ងារឃ្លាំមើលអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការអនុវត្ត និងផ្ទៀងផ្ទាត់ជំហាន ដែលអនុវត្តដោយភាគីទាំងសងខាង។
- ៨.ដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ ដើម្បីជួយដល់ការធ្វើអន្តរកាលសន្តិសុខ។
- ៩.ផ្ទេរការគ្រប់គ្រងរដ្ឋបាលនៃតំបន់ហ្គាហ្សា ទៅឲ្យគណៈកម្មាធិការជាតិប៉ាឡេស្ទីនឯករាជ្យមួយ ដែលសមាសភាពជាអ្នកជំនាញបច្ចេកទេស គាំទ្រដោយសហរដ្ឋអាមេរិក ដោយផាត់ក្រុមហាម៉ាសចេញទាំងស្រុង។
- ១០.បង្កើតកងកម្លាំងនគរបាលប៉ាឡេស្ទីនថ្មី ដែលបានត្រួតពិនិត្យប្រវត្តិរូបច្បាស់លាស់ និងមិនលម្អៀងខាងនយោបាយ ដើម្បីរក្សាសណ្តាប់ធ្នាប់ស៊ីវិល អមដោយក្រុមអ្នកតាមដានអន្តរជាតិ។
- ១១.សម្រេចជាស្ថាពរ លើការដោះដូរចំណាប់ខ្មាំងនៅមានជីវិត ដែលនៅសេសសល់ទាំងប៉ុន្មាន ជាមួយនឹងអ្នកទោសប៉ាឡេស្ទីន រាប់ពាន់នាក់។
- ១២.ផ្តល់អំណាចឲ្យគណៈកម្មាធិការអន្តរជាតិ ដើម្បីផ្ទៀងផ្ទាត់យ៉ាងច្បាស់លាស់លើការអនុវត្តរបស់អ៊ីស្រាអែល ក្នុងការផ្អាកវាយប្រហារ និងយុទ្ធនាការយោធាចំគោលដៅ។
- ១៣.បង្កើនកម្រិតនៃការដឹកជញ្ជូនជំនួយអន្តរជាតិ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ទៅកាន់តំបន់ស៊ីវិលដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
- ១៤.រៀបចំវេទិកា សម្រាប់ផែនការស្តារឡើងវិញរយៈពេលវែង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ សម្អាតកម្ទេចកម្ទី និងដោះមីន/គ្រាប់មិនទាន់ផ្ទុះ ចេញដោយសុវត្ថិភាព។
- ១៥.ពង្រីកកាលវិភាគនៃការរំសាយអាវុធ រាប់បញ្ចូលទាំងការប្រមូលអាវុធធុនធ្ងន់ និងអាវុធធុនស្រាលផ្សេងៗ៕