ព័ត៌មានអន្តរជាតិ
ការផ្ទុះឡើងនៃជំងឺអេបូឡាលើសពី ៤.០០០ករណីនៅកុងហ្គោ
ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការឆ្លងជំងឺអេបូឡា ដែលត្រូវបានបញ្ជាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ៤.០០០ករណីហើយ ដែលជាលើកដំបូងនៅក្នុងការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ។
ការឆ្លងរាតត្បាត ដែលជាការរាតត្បាតធំទី២ របស់ពិភពលោក ត្រូវបានគេពិពណ៌នាថា ជាការរីករាលដាលលឿនបំផុត ក្នុងកំណត់ត្រា។ អ្នកជំនាញជឿថា ការឆ្លងបានចាប់ផ្តើមចរាចរជាច្រើនខែ មុនពេលការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា ហើយករណីពិតប្រាកដ អាចខ្ពស់ជាងចំនួនផ្លូវការ។
វិទ្យាស្ថានសុខភាពសាធារណៈរបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួនសរុបនៃការឆ្លងបានឡើងដល់ ៤.០៥៣ករណី ក្នុងនោះរួមមានទាំងការស្លាប់ចំនួន ១.៨៥០នាក់ផងដែរ។ ករណីទាំងនោះត្រូវបានកត់ត្រានៅក្នុងខេត្តចំនួន ៥ របស់ប្រទេសនេះ គឺ Ituri, North Kivu, South Kivu, Haut-Uele និង Tshopo។
របាយការណ៍មួយដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Science កាលពីខែមុន បានសន្និដ្ឋានថា ការផ្ទុះឡើងនៃជំងឺនេះ នៅកុងហ្គោ បានចាប់ផ្តើមមានក្នុងខែមករា ឬសូម្បីតែនៅមុននេះ ក្នុងខេត្ត Ituri។ អ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណករណីសង្ស័យជាង ៥០០ករណី ចន្លោះពាក់កណ្តាលខែមករា និងថ្ងៃទី១៥ ខែឧសភា។
ការរកឃើញយឺតយ៉ាវ ការឃ្លាំមើលមិនអាចឆ្លើយតបនឹងចំនួនលើសលប់ ជម្លោះយោធា និងកង្វះវ៉ាក់សាំង និងការព្យាបាល សម្រាប់ប្រភេទវីរុសដែលពាក់ព័ន្ធ បាននាំឱ្យជំងឺនេះរាលដាលលឿនជាងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ នាពេលនេះ៕