ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Meta ចេញមុខសុំទោសឥណ្ឌាចំពោះការលុបវីឌីអូរបស់នាយករដ្ឋមន្ត្រី ម៉ូឌី
លោក Joel Kaplan ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុន Meta Platforms (META.O) បានសុំទោសរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា ចំពោះការលុបវីឌីអូក្នុងអាខោនហ្វេសបុករបស់នាយករដ្ឋមន្ត្រី Narendra Modi កាលពីខែកក្កដា។
យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៦ ខែសីហានេះថា លោក Kaplan បានសុំទោសរដ្ឋមន្ត្រីក្នុងនាមក្រុមហ៊ុន Meta ចំពោះកំហុសក្នុងការរឹតត្បិតការបង្ហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi។
កាលពីខែមុន ក្រសួងព័ត៌មាន និងបច្ចេកវិទ្យារបស់ឥណ្ឌាបានកោះហៅនាយកប្រតិបត្តិ Meta ដើម្បីស្រាយបំភ្លឺបន្ទាប់ពី Facebook បានលុបវីឌីអូរបស់លោក Modi លើអាខោនរបស់លោក។ Meta បានលើកឡើងថា ការបង្ហោះនេះត្រូវបានរារាំងដោយអចេតនា ដោយសារតែកំហុសប្រតិបត្តិការ។
គូសបញ្ជាក់ថា វីដេអូទាំងនេះបានផ្ទុះយ៉ាងខ្លាំង ខណៈដែលលោក Modi កំពុងតស៊ូជាមួយនឹងរលកដ៏ធំបំផុតនៃការតវ៉ាដឹកនាំដោយយុវជន ក្រោយឯកសារលេចធ្លាយនៅក្នុងការប្រឡងថ្នាក់ជាតិ ដោយតវ៉ាឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែង។
ដោយឡែក លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានសុំទោសដល់រដ្ឋាភិបាលឥណ្ឌាចំពោះវីឌីអូរំលោភបំពានផ្លូវភេទលើកុមារ ខ្លឹមសារ deepfake និងការខកខានប្រតិបត្តិការផ្សេងទៀតនៅលើវេទិការបស់ក្រុមហ៊ុន។ ការសុំទោសនេះ ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Meta និងមន្ត្រីរដ្ឋាភិបាលឥណ្ឌា៕