ព័ត៌មានអន្តរជាតិ
ថៃ-មីយ៉ាន់ម៉ា ចុះMOU ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅតាមព្រំដែន និងពង្រឹងប្រតិបត្តិការរួមគ្នា
(ប្រទេសថៃ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម កិច្ចព្រមព្រៀងរើសពលករ លក្ខខណ្ឌប្រតិបត្តិការរួមគ្រប់គ្រងគុណភាពទឹកតាមទន្លេព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាសង្កេតការណ៍ផែនដីដើម្បីសន្តិភាព រវាងភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ (GISTDA) និងភ្នាក់ងារអវកាសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយរបស់កាសែត The Irrawaddy ចុះផ្សាយនៅថ្ងៃទី៧ ខែសីហានេះ។
លោក អនុទីន បានគូសបញ្ជាក់ពីសារសំខាន់នៃការការពារសន្តិសុខតាមព្រំដែន និងការបង្ក្រាបបទល្មើសឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។ លោកបានអះអាងពីការប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិរបស់ពលករមីយ៉ាន់ម៉ា ព្រមទាំងបានពិភាក្សាលើការដោះស្រាយបញ្ហាផ្សែងអ័ព្ទពុលឆ្លងដែន បញ្ហាបំពុលប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងកសិកម្ម។
ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានព្រមព្រៀងបើកដំណើរការស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ឡើងវិញ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួម (JTC) នៅក្នុងឆ្នាំនេះ ដើម្បីបង្រឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិទ្វេភាគីកាន់តែរឹងមាំបន្ថែមទៀត៕