ព័ត៌មានអន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ព្រមានអំពីជម្រើសយោធាថ្មី ជុំវិញសមត្ថភាពវាយប្រហាររបស់ជប៉ុន
លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមាននៅថ្ងៃពុធ ទី៥សីហានេះថា ទីក្រុងព្យុងយ៉ាងនឹងអនុម័ត «ជម្រើសយោធាបន្ថែម» ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ប្រទេសជប៉ុនទៅជាមហាអំណាចយោធា បន្ទាប់ពីទីក្រុងតូក្យូបានសាកល្បងមីស៊ីលបញ្ជាទិស Tomahawk ដែលផលិតនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់អង្គភាពរ៉យទ័រ។
លោកស្រី គីម យ៉ូជុង បានចោទប្រកាន់ប្រទេសជប៉ុនថា បានផ្លាស់ប្តូរហួសពីឥរិយាបថការពារ និងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅជាកម្លាំងដែលមានសមត្ថភាពវាយប្រហារជាមុន និងប្រតិបត្តិការយោធានៅក្រៅប្រទេស។
លោកស្រីបានលើកឡើងពីការសាកល្បង Tomahawk ថ្មីៗរបស់ប្រទេសជប៉ុនពីនាវាពិឃាត Aegis Chokai នៅមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាការសាកល្បងបាញ់មីស៊ីលផ្សេងទៀត និងការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធយោធារួមគ្នាដឹកនាំដោយសហរដ្ឋអាម៉េរិកនៅប្រទេសហ្វីលីពីនកាលពីខែឧសភា។
លោកស្រីព្រមានថា កូរ៉េខាងជើងនឹងឆ្លើយតបតាមរបៀបដែលធ្វើឱ្យប្រទេសជប៉ុនមានអារម្មណ៍ថា សន្តិសុខរបស់ខ្លួនត្រូវបានប៉ះពាល់នឹងគ្រោះថ្នាក់កាន់តែខ្លាំង។ «យើងគួរតែធ្វើឱ្យវាក្លាយជាការសោកស្ដាយ»។
ទន្ទឹមគ្នានេះ លោកស្រី ក៏បានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានអនុញ្ញាតឱ្យមានការកសាងយោធារបស់ជប៉ុនដោយផ្គត់ផ្គង់មីស៊ីល Tomahawk កែប្រែនាវាសម្រាប់ប្រតិបត្តិការរបស់ពួកគេ និងគាំទ្រការសាកល្បងមីស៊ីល។ ដោយអះអាងថា «សហរដ្ឋអាម៉េរិកនៅពីក្រោយចលនាយោធាដ៏គ្រោះថ្នាក់បែបនេះរបស់ជប៉ុន»៕