ព័ត៌មានអន្តរជាតិ
ប្រជាជនអ៊ីរ៉ង់គ្មានទំនុកចិត្ត ខណៈលោក ត្រាំ គ្មានភាពច្បាស់លាស់ជុំវិញការចរចាសន្តិភាព
រយៈពេលជាច្រើនខែមកហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការប្រកាសស្ទើរតែរាល់ថ្ងៃអំពីសង្គ្រាមលើអ៊ីរ៉ង់ ដោយមានចាប់ពីការគំរាមកំហែងទម្លាក់គ្រាប់បែក រហូតដល់ការអះអាងអំពីការចរចាជាថ្មី។
កញ្ញា Faezeh ជាបុគ្គលិកក្រុមហ៊ុនហិរញ្ញវត្ថុមួយនៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់ និយាយថា នាងបានឈប់យកចិត្តទុកដាក់រឿងនេះជាយូរមកហើយ។ ស្ត្រីអាយុ២៧ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Al Jazeera ថា «ពាក្យសម្ដីរបស់លោកពិតជាធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់យើង ប៉ុន្តែខ្ញុំព្យាយាមគេចចេញពីបរិយាកាសបំពុលនៃភាពមិនប្រាកដប្រជានេះ ដោយផ្តោតសំខាន់លើអ្វីដែលខ្ញុំអាចគ្រប់គ្រង និងការពារខ្លួនឯងបាន និងមនុស្សជាទីស្រលាញ់»។
ខណៈសង្គ្រាមខិតជិតដល់ពេល៦ខែ ប្រជាជនអ៊ីរ៉ង់មួយចំនួនកំពុងជ្រើសរើសលែងតាមដានព័ត៌មានទាន់ហេតុការឥតឈប់ឈរ ក្នុងកិច្ចខិតខំប្រឹងប្រែងងាកមកការពារសុខភាពផ្លូវចិត្តរបស់ខ្លួនវិញ។ សប្តាហ៍នេះ ខណៈការគំរាមពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកទំនងកើតឡើងម្តងទៀង កម្រិតនៃការរំពឹងទុកនិងការព្រួយបារម្ភក្នុងចំណោមប្រជាជនអ៊ីរ៉ង់ហាក់ដូចជាកាន់តែទាបជាងនៅថ្ងៃទី៧ ខែមេសា នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានថា «សង្គមទាំងមូលនឹងត្រូវផុតរលត់នៅយប់នេះ» ដោយក្រោយមកបានប្រកាសបទឈប់បាញ់មួយរយៈពេលខ្លីភ្លាមៗ។
Roham ជាមិត្តរួមការងាររបស់នាង Faezeh នៅក្រុមហ៊ុនហិរញ្ញវត្ថុនៅទីក្រុងតេអេរ៉ង់ភាគកណ្តាល បាននិយាយថា «សហរដ្ឋអាមេរិក ធ្លាប់មានប្រធានាធិបតីច្រើនដែលនិយាយតិច តែធ្វើច្រើន» ប៉ុន្តែបច្ចុប្បន្ន «ជាមួយនឹងតួនាទីនៃបណ្តាញផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលលោក Trump មានជំនាញ លោកនិយាយច្រើនហើយមិនចាំបាច់ធ្វើច្រើននោះទេ»៕