ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងថ្កោលទោសការព្រមានអំពីការគំរាមកំហែងតាមអ៊ីនធឺណិតរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត
កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថាកំពុងព្យាយាម «ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ» របស់រដ្ឋកុម្មុយនិស្ត បន្ទាប់ពីពួកគេបានព្រមានប្រឆាំងនឹងការជួលបុគ្គលិក IT របស់ខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី៣ ខែសីហានេះ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ី និងអឺរ៉ុបចំនួន ១០ កាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា កូរ៉េខាងជើងកំពុងប្រើប្រាស់កម្មករជំនាញក្រោមអត្តសញ្ញាណក្លែងក្លាយ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។
អ្នកនាំពាក្យម្នាក់ដែលមិនបញ្ចេញឈ្មោះរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានច្រានចោលការព្រមានរួមគ្នានេះថាជា «ការចោទប្រកាន់នយោបាយដែលមានគោលបំណងអាក្រក់ដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋយើង»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «វាមិនសមហេតុផលទេដែលសហរដ្ឋអាម៉េរិក ដែលបានកាន់កាប់ និងដំណើរការកម្លាំងអ៊ីនធឺណិតដ៏ធំបំផុតនៅលើពិភពលោក ដោយផ្តាច់មុខលើធនធានស្នូលនៃលំហអ៊ីនធឺណិត កំពុងនិយាយអំពី «ការគំរាមកំហែងតាមអ៊ីនធឺណិត» ពីប្រទេសដទៃទៀត។ ហើយវាគ្រាន់តែជាលេសសម្រាប់បង្ហាញអំពីភាពត្រឹមត្រូវនៃគោលនយោបាយខុសច្បាប់របស់ខ្លួនក្នុងការដាក់សម្ពាធលើរដ្ឋអធិបតេយ្យ»។
គូសបញ្ជាក់ថា ការជូនដំណឹងកាលពីថ្ងៃសុក្ររបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានប្រកាសថា បុគ្គលិកផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើងកំពុងក្លែងបន្លំជាពលរដ្ឋនៃប្រទេសដទៃទៀត ដើម្បីទទួលបានការងារ និងប្រាក់ចំណូលនៅលើវេទិកាអនឡាញ និងផ្ញើប្រាក់ទៅឱ្យភ្នាក់ងាររដ្ឋាភិបាល។ ដោយបានព្រមានថា កម្មករកូរ៉េខាងជើងកំពុងប្រើប្រាស់ឧបករណ៍ AI ដើម្បីបិទបាំងអត្តសញ្ញាណពិតរបស់ពួកគេបន្ថែមទៀត។
យ៉ាងណាក៏ដោយ កូរ៉េខាងជើងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិជាច្រើនលើកម្មវិធីអាវុធ និងនុយក្លេអ៊ែររបស់ខ្លួន។ ហើយក៏មានការសង្ស័យពីដំណើរការសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រូបិយប័ណ្ណឌីជីថល និងសកម្មភាពលាងលុយកខ្វក់ផងដែរ៕