ព័ត៌មានអន្តរជាតិ
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី ស៊ូជី បានជួបជាមួយមន្ត្រីកាកបាទក្រហមអន្តរជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជាក់ថា អតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួន បានជួបជាមួយតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ចំពេលមានក្ដីបារម្ភ អំពីសុខភាពរបស់ស្ត្រីវ័យ ៨១ឆ្នាំ។
ម្ចាស់រង្វាន់ណូបែលរូបនេះ ត្រូវបានឃុំខ្លួន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី នៅក្នុងរដ្ឋប្រហារ ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្រីក្រនេះធ្លាក់ចូលទៅក្នុងភាពចលាចល។
ចាប់តាំងពីពេលនោះមក ទីតាំងពិតប្រាកដ និងស្ថានភាពសុខភាពរបស់លោកស្រី ស៊ូជី ពិបាកកំណត់ណាស់ ដោយគ្មានមេដឹកនាំបរទេស ឬបេសកជនណាម្នាក់ បានជួបលោកស្រីជាសាធារណៈឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Khine Khine Soe បានឱ្យដឹងថាលោកស្រី ស៊ូជី បានជួបជាមួយលោក Arnaud de Baecque តំណាង ICRC ប្រចាំប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ។
នៅចុងខែមេសា បន្ទាប់ពីការបោះឆ្នោតរៀបចំឡើងដោយយោធា ដែលអនុញ្ញាតឱ្យអតីតមេដឹកនាំយោធា លោក Min Aung Hlaing ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា ហើយស្របពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង អាជ្ញាធរបានប្រាប់ថា លោកស្រីត្រូវបានផ្លាស់ទៅឃុំខ្លួននៅក្នុងផ្ទះ៕