ព័ត៌មានអន្តរជាតិ
អភិបាលក្រុងមូស្គូ៖ ការវាយប្រហារដោយគ្រាប់បែកលើភោជនីយដ្ឋានជា «សកម្មភាពភេរវកម្មបង្ហូឈាម»
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានហៅការវាយប្រហារដោយគ្រាប់បែកលើភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋធានីថាជា «សកម្មភាពភេរវកម្មដ៏បង្ហូឈាម» ប៉ុន្តែពុំបាននិយាយថានរណាជាអ្នកទទួលខុសត្រូវនោះទេ។
លោក Sobyanin បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២ ខែសីហានេះថា «អំពើភេរវកម្មដ៏បង្ហូរឈាមត្រូវបានប្រព្រឹត្តនៅទីក្រុងមូស្គូ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយដោយដកស្រង់សម្តីមន្ត្រីក្នុងស្រុកថា ការផ្ទុះគ្រាប់បែកកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ បានសម្លាប់ឆ្មាំសន្តិសុខម្នាក់ និងភ្ញៀវម្នាក់ ព្រមទាំងអ្នកបំផ្ទុះគ្រាប់បែកជាស្ត្រីផងដែរ។ មនុស្សយ៉ាងហោចណាស់២១នាក់បានរងរបួស នៅពេលដែលឧបករណ៍បំផ្ទុះ បានផ្ទុះនៅភោជនីយដ្ឋាននៅទីលាន Kudrinskaya ទីក្រុងមូស្គូភាគកណ្តាល។
គណៈកម្មាធិការស៊ើបអង្កេតទីក្រុងមូស្គូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការវាយប្រហារនេះនៅតែកំពុងត្រូវបានស៊ើបអង្កេត។ គិតត្រឹមរសៀលថ្ងៃអាទិត្យ ពុំទាន់មានព័ត៌មានបន្ថែមពីអាជ្ញាធររុស្ស៊ីនៅឡើយទេ ហើយក៏គ្មាននរណាម្នាក់អះអាងជាសាធារណៈពីការទទួលខុសត្រូវនោះដែរ៕