ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង៖ ផែនការប្រេងឥន្ធនៈរបស់ណាតូគឺសម្រាប់សង្គ្រាមឈ្លានពាន
កូរ៉េខាងជើងបានចោទប្រកាន់អង្គការណាតូកាលពីថ្ងៃទី១ ខែសីហានេះ ថាកំពុងរៀបចំសម្រាប់សង្គ្រាមដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈយោធានៅទូទាំងទ្វីបអឺរ៉ុប ដែលជាការបង្ហាញខ្លួនជាប្លុកយោធាដ៏ឈ្លានពានជាងមុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កូរ៉េខាងជើងបានរិះគន់ផែនការកម្មវិធីសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អង្គការណាតូ ដែលខ្លួនអះអាងថានឹងភ្ជាប់បណ្តាញប្រេងឥន្ធនៈប្រហែល ១០,០០០ គីឡូម៉ែត្រ នៅអឺរ៉ុបខាងលិចជាមួយរដ្ឋសមាជិកថ្មីៗនៅអឺរ៉ុបខាងកើត និងខាងជើង។
អត្ថាធិប្បាយរបស់ KCNA មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថាគម្រោងនេះត្រូវបានរចនាឡើងដើម្បីគាំទ្រជម្លោះដែលអាចកើតមានហួសពីអឺរ៉ុបនោះទេ។
ប៉ុន្តែអង្គការណាតូថាខ្លួនកំពុងពង្រឹងការទប់ស្កាត់ និងការពារជាតិបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានថ្កោលទោសកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀត រួមទាំងសមាជិកអង្គការណាតូផងដែរ។ កូរ៉េខាងជើង និងរុស្ស៊ី បានពង្រឹងចំណងយោធាចាប់តាំងពីចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រមួយក្នុងខែមិថុនា ឆ្នាំ២០២៤ ដែលរួមមានការប្តេជ្ញាចិត្តការពារជាតិទៅវិញទៅមក។ កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ ១៤.០០០នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ ដើម្បីជួយកងកម្លាំងរុស្ស៊ីក្នុងការវាយបកការឈ្លានពានដ៏សំខាន់មួយចូលទៅក្នុងតំបន់ដោយកងកម្លាំងអ៊ុយក្រែនក្នុងអំឡុងសង្គ្រាមដែលកំពុងបន្ត៕