ព័ត៌មានអន្តរជាតិ
អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់អាចត្រូវប្រហារជីវិត ក្រោយរកឃើញថ្នាំញៀនអេស្តាស៊ីច្រើនគីឡូក្រាម នៅឥណ្ឌូនេស៊ី
អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិហ្សាការតា ជាមួយនឹងថ្នាំញៀនអេស្តាស៊ីជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក នេះបើយោងតាមប៉ូលីសបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៣១កក្កដាថាបុរសនោះកំពុងប្រើប្រាស់គ្រឿងញៀន ខណៈពេលកំពុងហោះហើរយន្តហោះដឹកអ្នកដំណើរ។
អ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំ ដែលត្រូវបានគេស្គាល់តែអក្សរកាត់របស់លោកថា MSO ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ។
យោងតាមលោក Hengky Tomuan Parlindungan Aritonang មន្ត្រីការិយាល័យគយអាកាសយានដ្ឋានមិនបានបញ្ជាក់ថាអ្នកបើកយន្តហោះធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ណាទេ ប៉ុន្តែលេខជើងហោះហើរបានបង្ហាញថាវាជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ លទ្ធផលនៃការធ្វើតេស្តទឹកនោមរបស់លោកបានបង្ហាញថាមានសារធាតុញៀនមេតំហ្វេតាមីន MDMA និងកូកាអ៊ីន។ ដូច្នេះនៅពេលហោះហើរ លោកស្ថិតនៅក្រោមឥទ្ធិពលនៃសារធាតុញៀន។
យ៉ាងណាម៉ិញ មន្ត្រីគយបានរកឃើញថ្នាំញៀនអេកស្តាស៊ីចំនួន ១៤ ថង់ មានជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់អ្នកបើកយន្តហោះ និងថ្នាំញៀនមេតំហ្វេតាមីនចំនួន ៤ ក្រាមនៅក្នុងកាបូបយួរដៃ។
យោងតាមច្បាប់ អ្នកបើកយន្តហោះនេះប្រឈមនឹងការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញថាមានទោស។
ប្រទេសឥណ្ឌូនេស៊ីមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយ រួមទាំងទោសប្រហារជីវិតសម្រាប់អ្នកជួញដូរគ្រឿងញៀន ប៉ុន្តែបានផ្អាកការប្រហារជីវិតអស់រយៈពេលជាច្រើនឆ្នាំ។
គូសបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានអនុវត្តទោសប្រហារជីវិតចុងក្រោយនៅឆ្នាំ ២០១៦ នៅពេលដែលជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិនីហ្សេរីយ៉ាបីនាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតពីបទគ្រឿងញៀន៕