ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ជំរុញសមភាគីអឺរ៉ុប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រតិបត្តិការរបស់អាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានជំរុញឱ្យប្រទេសប៊ុលហ្គារីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះយោធាអាមេរិកជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Bezmer ។
ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារីរបស់លោកគឺលោកស្រី Velislava Petrova-Chamova លោក Araqchi បាននិយាយថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) ចំពោះសំណើរបស់អាមេរិកក្នុងការឈរជើងយន្តហោះយោធានៅមូលដ្ឋាននេះដើម្បីគាំទ្រប្រតិបត្តិការយោធាគឺស្មើនឹងការសម្របសម្រួលការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ដោយបន្ថែមថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងផ្ទុយពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតចំពោះប្រទេសដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួនថា ពួកគេអាចប្រឈមនឹងផលវិបាក។
លោក Araqchi បានមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos Kombos ក្នុងអំឡុងពេលនោះលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់មូលដ្ឋានទ័ពបរទេសនៅប្រទេសកោះស៊ីប ពីការប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់។
កាលពីសប្តាហ៍មុន សភាប៊ុលហ្គារីបានអនុម័តការដាក់ពង្រាយជាបណ្តោះអាសន្ននូវយន្តហោះដឹកប្រេង KC-135 របស់សហរដ្ឋអាមេរិករហូតដល់ ៨ គ្រឿង និងបុគ្គលិករហូតដល់ ២៥០ នាក់នៅមូលដ្ឋានទ័ពអាកាស Bezmer ទោះបីជាមានការជំទាស់ពីអ៊ីរ៉ង់ក៏ដោយ។ ទីក្រុង Sofia បាននិយាយថា គ្មានអាវុធវាយប្រហារណាមួយនឹងត្រូវបានដាក់ពង្រាយទេ ហើយថាសកម្មភាពនេះពុំបានធ្វើឱ្យប៊ុលហ្គារីក្លាយជាភាគីមួយនៃប្រតិបត្តិការយោធានោះទេ។
កោះស៊ីប បានធ្វើជាម្ចាស់ផ្ទះនៃមូលដ្ឋានយោធាចំនួន២របស់អង់គ្លេស រួមទាំង មូលដ្ឋាន RAF Akrotiri ដែលត្រូវបានវាយប្រហារដោយយានដ្រូនអ៊ីរ៉ង់កាលពីដើមខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលនិងអាមេរិករួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦៕