ព័ត៌មានអន្តរជាតិ
ក្រុងព្យុងយ៉ាង ព្រមានថាសង្គ្រាមឧបទ្វីបកូរ៉េ នឹងកើតឡើងក្នុងពេលណាមួយ
ក្រុងព្យុងយ៉ាង បានប្រកាសចំៗថា សង្គ្រាម ឬការប៉ះទង្គិចគ្នានៅលើឧបទ្វីបកូរ៉េ គឺជារឿងមុននិងក្រោយតែប៉ុណ្ណោះ ពោលគឺវាច្បាស់នឹងកើតឡើង គ្រាន់តែអាស្រ័យលើពេលវេលាថាយូរឬក៏ឆាប់។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះថា ការប្រកាសរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចពង្រីកសមត្ថភាព និងបន្ថែមមន្ត្រីជំនាញនៅទីបញ្ជាការកងទ័ពអាម៉េរិកប្រចាំប្រទេសជប៉ុន។
ទិដ្ឋភាពនេះ កូរ៉េខាងជើងបានចោទប្រកាន់វ៉ាស៊ីនតោនថា ការពង្រីកទីបញ្ជាការកងទ័ពនៅជប៉ុននេះ គឺជាការប្រែក្លាយទីតាំងនេះឱ្យទៅជា «ទីបញ្ជាការសង្គ្រាមពេញលេញ» ក្នុងគោលបំណងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន ឱ្យត្រៀមខ្លួនធ្វើសង្គ្រាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមមេបញ្ជាការកងទ័ពអាម៉េរិកប្រចាំជប៉ុន លោកឧត្តមសេនីយ៍ទោ Stephen Jost បានឱ្យដឹងថា ទីបញ្ជាការបានបន្ថែមបុគ្គលិកចំនួន ២១៥នាក់ ចាប់តាំងពីឆ្នាំ២០២៥ មក ដើម្បីពង្រឹងមុខងារបញ្ជា និងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន KCNA បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន កំពុងតែបង្កើនកម្ដៅយ៉ាងខ្លាំង ហើយទីបញ្ជាការអាម៉េរិកនៅជប៉ុននេះ នឹងក្លាយជាកងកម្លាំងដំបូងគេបង្អស់ ដែលត្រូវដាក់ពង្រាយមកកាន់ឧបទ្វីបកូរ៉េ ប្រសិនបើមហន្តរាយសង្គ្រាមផ្ទុះឡើងមែននោះ។ ក្រុងព្យុងយ៉ាង បានបញ្ជាក់បន្ថែមថា «ការធ្វើសឹកសង្គ្រាមបែបប្រថុយប្រថាន» របស់អាម៉េរិក និងសម្ព័ន្ធមិត្តនេះហើយ គឺជាមូលហេតុសមស្របបំផុត ដែលបង្ខំឱ្យកូរ៉េខាងជើង ត្រូវតែបន្តអភិវឌ្ឍ និងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនជាចាំបាច់ ដើម្បីធ្វើជាអាវុធទប់ស្កាត់ និងការពារខ្លួន៕