ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់នឹងទទួលបានប្រព័ន្ធបាញ់មីស៊ីលរបស់ចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត
អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងទទួលបានប្រព័ន្ធការពារមីស៊ីលលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមីស៊ីលការពារដែនអាកាសបាញ់ស្មាផលិតនៅប្រទេសចិនរហូតដល់ ៤០០គ្រាប់ ខណៈដែលខ្លួនកំពុងកសាងឡើងវិញនូវការការពាររបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក។
យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ការទិញនេះ ដែលមានតម្លៃ ៦០-៧០ លានដុល្លារ គឺជាការព្យាយាមដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងតេអេរ៉ង់ ដើម្បីពង្រឹងការការពារដែនអាកាសរយៈចម្ងាយខ្លីរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានបង្ហាញពីចន្លោះប្រហោងក្នុងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការការពារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។
យោងតាមប្រភពមួយបានឱ្យដឹងថា កិច្ចសន្យានេះគ្របដណ្តប់លើការទិញប្រព័ន្ធការពារដែនអាកាសចល័ត (MANPADS) ចន្លោះពី ៣០០ ទៅ ៤០០គ្រាប់ រួមទាំងមីស៊ីល QW-12 និង FN-16 ផលិតនៅប្រទេសចិន។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Zhongqing Baoshang International Investment មានមូលដ្ឋាននៅទីក្រុងហុងកុង ដែលវាកំពុងដើរតួជាអន្តរការីរវាងភាគីអ៊ីរ៉ង់ និងអ្នកផ្គត់ផ្គង់ចិន។
យោងតាមផែនការដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ការដឹកជញ្ជូនដំបូងនឹងត្រូវធ្វើឡើងតាមផ្លូវអាកាសពីទីក្រុង Urumqi ភាគខាងលិចប្រទេសចិន បន្ទាប់មកឆ្លងកាត់ប្រទេសប៉ាគីស្ថានទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានបញ្ជាក់ថាតើការផ្ទេរនឹងធ្វើឡើងតាមផ្លូវអាកាស ឬតាមផ្លូវគោក៕